ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ១

ច្បាប់នេះមានគោលបំណងធានាឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា១៩ នៃសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ២

ច្បាប់នេះមានគោលដៅដូចតទៅ៖

ក- ជម្រុញ និងធានាឲ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូន សាធារណជន ឲ្យបានទូលំទូលាយ។

ខ- ធានាឲ្យមានការចូលរួមពី សាធារណជន ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការ វប្បធម៌របស់ជាតិដូចមានចែងក្នុងមាត្រា៣៥ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គ- ផ្តល់ព័ត៌មានជូនដល់ សាធារណជនឲ្យមានការយល់ដឹងអំពីតួនាទី សកម្មភាពប្រតិបត្តិការនិង សេចក្តីសម្រេចទាំងឡាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងការ ជឿជាក់ពីសាធារណជន។

ឃ- ជួយសាធារណជនក្នុងការតាមដាន សកម្មភាពការងាររបស់ស្ថាប័ន សាធារណៈ ដើម្បីធានាថា មូលនិធិសាធារណៈត្រូវបានចំណាយតាមផែនការដែលបានគ្រោងទុក។

ង- ជម្រុញការគ្រប់គ្រងឯកសារនិងទិន្នន័យផ្សេងៗរបស់ស្ថាប័នសាធារណៈឲ្យបានល្អប្រសើរ ដើម្បី កសាងគោលនយោបាយក្នុងការផ្តល់សេវាជូន សាធារណជន ។

ច- ជួយជម្រុញឲ្យស្ថាប័នសាធារណៈបំពេញភារកិច្ចប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ឆ- កាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត។

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ៣

ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះព័ត៌មានគ្រប់ប្រភេទ ដែលត្រូវផ្តល់ដោយស្ថាប័នសាធារណៈទាំងរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើកលែងតែព័ត៌មានសម្ងាត់មួយចំនួន ដែលកំណត់ក្នុងច្បាប់នេះ ។

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ៤

វាក្យសព្ទដែលប្រើប្រាស់នៅក្នុងច្បាប់នេះមាននិយមន័យដូចតទៅ៖

-ព័ត៌មាន សំដៅដល់ ឯកសារផ្លូវការគ្រប់ប្រភេទដែលកាន់កាប់ដោយស្ថាប័ន សាធារណៈ។

-ព័ត៌មានសាធារណៈ សំដៅដល់ ព័ត៌មានដែលស្ថាប័នសាធារណៈត្រូវតែធ្វើការផ្សព្វផ្សាយឲ្យ សាធារណជនបានដឹងឮយ៉ាងទូលំទូលាយដោយមិនចាំបាច់មានការស្នើសុំ។

-ព័ត៌មានសម្ងាត់ឯកជនបុគ្គល

-ព័ត៌មានសម្ងាត់វិជ្ជាជីវៈ

-ព័ត៌មានបុគ្គល សំដៅដល់ ព័ត៌មានអំពីបុគ្គលណាម្នាក់ (រួមមានព័ត៌មានដែលបង្កើតជាបញ្ជី ទិន្នន័យ) ទោះបីជាពិត ឬមិនពិតនិងទោះបីជាបានកត់ត្រា ឬមិនកត់ត្រាទុកនៅក្នុងឯកសារ ជាទម្រង់ដើម ក៏ដោយ។

-ព័ត៌មានសម្ងាត់ សំដៅដល់ ព័ត៌មានដែលស្ថាប័នសាធារណៈមិនអាចផ្តល់ជូនអ្នកស្នើសុំបាន។

-មន្ត្រី សំដៅដល់ បុគ្គលដែលបំពេញតួនាទីក្នុងស្ថាប័នសាធារណៈមិនថាអចិន្ត្រៃយ៍ ឬបណ្តោះ អាសន្ន និងធ្វើការពេញម៉ោង ឬមិនពេញម៉ោងក៏ដោយ។

-មន្ត្រីទទួលបន្ទុកព័ត៌មាន សំដៅដល់ មន្ត្រីដែលត្រូវបានតែងតាំងដោយស្ថាប័នសាធារណៈ មានភារកិច្ចគ្រប់គ្រងឯកសារនិងផ្តល់សេវាព័ត៌មានជូនសាធារណជន។

-ការិយាល័យព័ត៌មាន សំដៅដល់ កន្លែងផ្តល់ព័ត៌មានដល់អ្នកស្នើសុំហើយត្រូវបានបង្កើត ឡើងដោយស្ថាប័នសាធារណៈ។

-ស្ថាប័នសាធារណៈ សំដៅដល់ ក្រសួង រដ្ឋលេខាធិការដ្ឋាន ឬអង្គភាពរដ្ឋដទៃទៀតរួមទាំង រដ្ឋបាលមូលដ្ឋានក្រោមឱវាទនិងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលបង្កើតឡើងដោយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ឬលិខិតបទដ្ឋានដទៃទៀតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា។

-អ្នកស្នើសុំ សំដៅដល់ បុគ្គលដែលបានធ្វើសំណើសុំព័ត៌មាន។

-រដ្ឋបាលថ្នាក់ជាតិ សំដៅដល់ ក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែល និង មន្ទីរជំនាញក្រោមឱវាទ។

-រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ រាជធានី -ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ- សង្កាត់ដែលស្ថិត នៅក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ។

-ព័ត៌មានប៉ះពាល់សន្តិសុខជាតិ
ក- សំដៅដល់ព័ត៌មានសម្ងាត់ទាំងឡាយណា ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់បូរណភាពទឹកដី និងនិរន្តរភាពដែល ជាអាយុជីវិតរបស់ ព្រះរាជាណាចក្រកម្ពុជា។

ខ- សំដៅដល់ព័ត៌មានសម្ងាត់ទាំងឡាយរបស់កងយោធពលខេមរភូមិន្ទ ឬកងកម្លាំងនគរ បាលជាតិដែលការបែកធ្លាយនាំឲ្យមានគ្រោះថ្នាក់ដល់ការបំពេញបេសកកម្ម ឬប្រតិបត្តិការសឹកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

-មន្រ្តីសាធារណៈ សំដៅដល់បុគ្គលទាំងឡាយដែលបំរើការងារនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋ បាលថ្នាក់ក្រោមជាតិ។
-សណ្តាប់ធ្នាប់សាធារណៈ សំដៅដល់ព័ត៌មានសម្ងាត់ទាំងឡាយដែលការបែកធ្លាយ បង្កឲ្យកើត មានភាពច្របូកច្របល់ ចលាចល អំពើហឹង្សាធ្វើឲ្យបាត់បង់ស្ថេរភាពរបៀបរៀបរយសង្គម។

មតិយោបល / Comments
ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៥

បុគ្គល គ្រប់រូប មានសិទិ្ធនិងសេរីភាពក្នុងការទទួលបាន ព័ត៌មានពី ស្ថាប័នសាធារណៈ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៦

គ្រប់ស្ថាប័នសាធារណៈ ទាំងអស់ត្រូវគោរពគោលការណ៍នៃការលាតត្រដាងព័ត៌មានជាអតិបរមា។ ដើម្បីសម្រេចគោលដៅនេះស្ថាប័នទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំនិង ផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំ ទូលាយ អំពីផែនការសកម្មភាពការងារ ផែនការថវិកា ការបំពេញភារកិច្ច ការទទួលខុសត្រូវ និងសេចក្តីសម្រេចនានាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់សាធារណជនដូចជា៖

ក- ការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសាធារណៈនានា រួមទាំងសកម្មភាពការងារព្រម ទាំងសមិទ្ធផលទាំងឡាយដែលសម្រេចបាន។

ខ- ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍលើគ្រប់វិស័យរបស់ស្ថាប័នសា- ធារណៈ។

គ- ព័ត៌មានលម្អិតអំពីយន្តការសេវា រួមទាំងតារាងតម្លៃសេវាសាធារណៈនានា ដែលស្ថាប័ន សាធារណៈត្រូវផ្តល់ជូនសាធារណជន។

ឃ- ច្បាប់ បទដ្ឋានគតិយុត្ត គោលនយោបាយ សេចក្តីសម្រេចនានា និងភារកិច្ចរបស់ស្ថាប័ន សាធារណៈដែលទាក់ទងនឹងសិទ្ធិ សេរីភាព កាតព្វកិច្ច និងផលប្រយោជន៍របស់សាធារណជន។

ង- គ្រប់ទិដ្ឋភាពនៃដំណើរការ និងនីតិវិធីទាំងឡាយរបស់តុលាការ រួមទាំងកិច្ចការរដ្ឋបាល ដែលមានផលប្រយោជន៍និងទំនាក់ទំនងផ្ទាល់ជាមួយសាធារណជន លើកលែងតែបទបញ្ញត្តិមួយចំនួនដែលហាមឃាត់។

ច- គម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដែលភ្ជាប់ជាមួយនឹងសេចក្តីលម្អិតព័ត៌មានអំពីថវិកាដែល ត្រូវចំណាយក្នុងឆ្នាំហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងគណនីសវនកម្មនៃហិរញ្ញវត្ថុឆ្នាំមុន។

ឆ- សំណើផ្លូវការ ឬយន្តការបណ្តឹងសម្រាប់សាធារណជនដែលមានទំនាក់ទំនងជា មួយសកម្មភាព ឬខកខានមិនធ្វើសកម្មភាពដោយស្ថាប័នសាធារណៈនោះរួមជាមួយនឹងសេចក្តីសង្ខេបនៃ សំណើពាក្យបណ្តឹង ឬសកម្មភាពផ្ទាល់ដទៃទៀតរបស់សមាជិកនៃស្ថាប័នសាធារណៈ និងការឆ្លើយតប របស់ស្ថាប័ននោះ។

មតិយោបល / Comments
ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៧

គ្រប់ស្ថាប័នសាធារណៈត្រូវបង្កលក្ខណៈងាយស្រួល ព្រមទាំងបើកទូលាយក្នុងការផ្តល់ព័ត៌មាន គ្រប់ប្រភេទដល់សាធារណជនតាមការស្នើសុំដោយគ្មានការរើសអើងតាមបែបបទ ដែលងាយយល់ក្នុង ពេលវេលា និងតម្លៃសមស្រប លើកលែងតែព័ត៌មានសម្ងាត់ ដែលស្ថិត ក្នុងបទបញ្ញត្តិ ហាមឃាត់។

មតិយោបល / Comments
ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៨

ស្ថាប័នសាធារណៈត្រូវបំពេញកាតព្វកិច្ចដូចតទៅ៖

ក- បង្កើតការិយាល័យព័ត៌មាននៅតាមស្ថាប័ននីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងមធ្យោបាយសមស្របដល់មន្រ្តីទទួលបន្ទុកព័ត៌មានដើម្បី សម្រួលដល់ ការផ្តល់ព័ត៌មានជូនសាធារណជនដោយប្រសិទ្ធភាព។

ខ- ការិយាល័យព័ត៌មាននីមួយៗ ត្រូវដឹកនាំដោយអនុប្រធានស្ថាប័នមួយរូប ដែលមានជំនាញ និង បទពិសោធន៍លើវិស័យព័ត៌មានដែលស្ថាប័នខ្លួនទទួលខុសត្រូវព្រមទាំងមន្រ្តីទទួលបន្ទុកព័ត៌មានក្រោមឱវាទតាមតម្រូវការជាក់ស្តែង។

គ- ការតែងតាំងមន្រ្តីទទួលបន្ទុកព័ត៌មានត្រូវកំណត់ដោយ សេចក្តីសម្រេចរបស់ស្ថាប័ន សាធារណៈ ។

ឃ- បណ្តុះបណ្តាលមន្រ្តីទទួលបន្ទុក ព័ត៌មានឲ្យមាន សមត្ថភាពជំនាញ អំពីសិទិ្ធទទួលព័ត៌មាន ដើម្បីអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព។

ង- ជំរុញអង្គភាពជំនាញចំណុះឲ្យស្ថាប័នសាមី ត្រូវសហការទទួលខុសត្រូវក្នុងការស្រាវ ជ្រាវរកព័ត៌មានដែលជាកម្មវត្ថុសំណើសុំរបស់ប្រធានការិយាល័យទទួលបន្ទុកព័ត៌មាន ដើម្បីផ្តល់ជូន សាធារណជន។

មតិយោបល / Comments
ជំពូកទី ២ - គោលការណ៍នៃការផ្តល់ព័ត៌មាន - មាត្រា ៩

មន្រ្តីទទួលបន្ទុកព័ត៌មាន មានភារកិច្ចដូចតទៅ៖

ក- ជាអ្នកនាំពាក្យឲ្យស្ថាប័នដែលសាមីខ្លួនកំពុងបំពេញភារកិច្ច ដើម្បីឆ្លើយតបទៅសាធារណជន។

ខ- ជាអ្នកទទួលខុសត្រូវចំពោះមុខប្រធានស្ថាប័ន ក្នុងការផ្តល់ព័ត៌មានគ្រប់ប្រភេទជូនសាធារណជន។

គ- ជាអ្នកសម្របសម្រួលកណ្តាលនៅក្នុងស្ថាប័នរបស់ខ្លួន និងទំនាក់ទំនងជាមួយសាធារណ ជនសម្រាប់ទទួលសំណើសុំព័ត៌មានពីសាធារណជន។

ឃ- សហការយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គភាពជំនាញ ចំណុះឲ្យស្ថាប័នរបស់ខ្លួន ដើម្បីស្រាវជ្រាវ ប្រមូលចងក្រងឯកសាររក្សាទុកនិងជួយរកឯកសារកំណត់ត្រាដែលជាកម្មវត្ថុរបស់អ្នកស្នើសុំ។

ង- ជួយសម្រួលដល់បុគ្គលគ្រប់រូប ដែលស្នើសុំព័ត៌មានរាប់បញ្ចូល ទាំងជំនួយក្នុងការរៀបចំ បែបបទស្នើសុំព័ត៌មានព្រមទាំងនីតិវិធីផ្សេងទៀតដែលកំណត់ក្នុងច្បាប់នេះ។

ច- សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀតនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីកំណត់ថា ព័ត៌មានណាស្ថិតក្នុងក្របខណ្ឌព័ត៌មានសម្ងាត់ឬសំណៅឯកសារណាទទួលឬមិនទទួលអញ្ញត្រកម្ម។

ឆ- ជាអ្នករៀបចំផែនការទំនាក់ទំនងព័ត៌មាននិងផ្សព្វផ្សាយ ជាសាធារណៈអំពីការអនុវត្ត តួនាទី ភារកិច្ច និងលទ្ធផលការងារដែលស្ថាប័នសាធារណៈសម្រេចបាន។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១០

បុគ្គលគ្រប់រូបទោះជារូបវន្តបុគ្គល ឬនីតិបុគ្គលមានសិទ្ធិស្នើសុំព័ត៌មានគ្រប់ប្រភេទពីស្ថាប័នសាធារណៈ ដោយគ្មានការរើសអើង។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១១

ការស្នើសុំព័ត៌មាន ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់លម្អិតឲ្យបានច្បាស់លាស់អំពី ព័ត៌មាន និងទម្រង់ព័ត៌មានដែលត្រូវស្នើសុំទៅស្ថាប័នសាធារណៈ។

នីតិវិធីនិងទម្រង់បែបបទនៃការស្នើសុំព័ត៌មានត្រូវបានកំណត់ដូចតទៅ៖

១- ទម្រង់បែបបទស្នើសុំព័ត៌មាន៖
- ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ
- អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន និងអាសយដ្ឋានអេឡិចត្រូនិក (ប្រសិនបើមាន)
- បញ្ជីឈ្មោះព័ត៌មានលម្អិតដែលត្រូវស្នើសុំ។

២- អ្នកស្នើសុំដែលគ្មានលទ្ធភាព បំពេញទម្រង់បែបបទខ្លួនឯង ដោយសារ អនក្ខរភាព ឬពិការភាព សាមីខ្លួនអាចធ្វើការស្នើសុំព័ត៌មានដោយផ្ទាល់មាត់។ មន្រ្តីទទួលបន្ទុកព័ត៌មាន ដែលបានទទួលសំណើសុំ ហើយ ត្រូវជួយបំពេញបែបបទព័ត៌មានជាលាយលក្ខណ៍អក្សរឲ្យបានត្រឹមត្រូវតាម ការស្នើសុំដោយឥតគិតថ្លៃ ហើយត្រូវដាក់ឈ្មោះមន្រ្តីដែលបានបំពេញកាតព្វកិច្ចនេះនៅក្នុងសេចក្តីថតចម្លងនិងបង្កាន់ដៃរបស់អ្នកស្នើសុំ។

៣- អ្នកស្នើសុំ អាចប្រគល់សំណើសុំ ព័ត៌មានជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់ដៃ ឬតាមរយៈ តំណាងស្របច្បាប់ទៅមន្រ្តីស្ថាប័នសាធារណៈ ឬមន្រ្តីទទួលបន្ទុកព័ត៌មាន ឬអាចផ្ញើតាមរយៈ ប្រៃសណីយ៍ ឬសារអេឡិចត្រូនិចទៅកាន់ស្ថាប័នសាធារណៈដែលកាន់កាប់ព័ត៌មាននោះ។

៤- មន្ត្រីនៃស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ដែលបានទទួលការស្នើសុំព័ត៌មានត្រូវចុះបញ្ជី និងចេញនូវបង្កាន់ដៃបញ្ជាក់ឱ្យអ្នកដែលបានស្នើសុំនោះ។

៥- អ្នកស្នើសុំត្រូវទទួលយកបង្កាន់ដៃ សំអាងពីមន្រ្តីស្ថាប័ន សាធារណៈ ឬមន្រ្តីទទួល បន្ទុកព័ត៌មានបន្ទាប់ពីបានប្រគល់សំណើរួច។ ចំពោះអ្នកស្នើសុំតាមរយៈប្រៃសណីយ៍ ឬសារអេឡិចត្រូនិច បង្កាន់ ដៃសំអាងត្រូវផ្តល់ជូនតាមប្រភេទមធ្យោបាយដែលស្នើសុំ។

៦- មន្រ្តីស្ថាប័នសាធារណៈ ដែលទទួលបាន សំណើសុំព័ត៌មានហើយ ត្រូវបញ្ជូនសំណើនោះទៅកាន់មន្រ្តីទទួលបន្ទុកព័ត៌មានក្នុងរយៈពេល ២៤(ម្ភៃបួន)ម៉ោងនៃថ្ងៃធ្វើការ។

៧- ប្រសិនបើសំណើសុំព័ត៌មានមិនចំស្ថាប័នមានសមត្ថកិច្ចកាន់កាប់ព័ត៌មាន មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវបញ្ជូនសំណើនោះត្រឡប់ទៅអ្នកស្នើសុំវិញឱ្យបានឆាប់រហ័សបំផុត និងត្រូវផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីស្ថាប័នដែលកំពុងកាន់កាប់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងសំណើនោះ ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១២

ស្ថាប័នសាធារណៈត្រូវផ្តល់ព័ត៌មានច្បាស់លាស់ទៅតាមប្រភេទ និងទម្រង់ព័ត៌មានរបស់អ្នកស្នើសុំជាអាទិ៍៖

១- ច្បាប់ថតចម្លងសំណៅព័ត៌មានត្រឹមត្រូវតាមច្បាប់ដើម។

២- ការថតចម្លងសំណៅព័ត៌មានអាចជាអក្សរ សំឡេង រូបភាព កាសែ្សតវីដេអូ ថាស ឬជាទម្រង់ផ្សេងៗទៀត។

៣- សំណៅជាទម្រង់លេខកូដ អក្សរកាត់ អក្សរស្ទាប ឬទម្រង់ជាសញ្ញាផ្សេងៗទៀត។

៤- ក្នុងករណីការស្នើសុំព័ត៌មានច្រើនភាសា ស្ថាប័នសាធារណៈអាចផ្តល់ជូនអ្នកស្នើសុំជាភាសាខ្មែរ ឬភាសាតាមទម្រង់ដើមនៃព័ត៌មាននោះ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៣

មន្រ្តីទទួលបន្ទុកព័ត៌មាន ត្រូវពិនិត្យសំណើសុំព័ត៌មានឲ្យបានឆាប់បំផុត ហើយត្រូវធ្វើការឆ្លើយ តបជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំថាមានឬគ្មានព័ត៌មាននោះ ឬជាប្រភេទព័ត៌មានសម្ងាត់ដែលត្រូវបានហាមឃាត់ការលាតត្រដាងជាសាធារណៈដោយបញ្ញតិ្តច្បាប់។ ការឆ្លើយតបនេះត្រូវធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពី ៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណើសុំ។

ការឆ្លើយតបជាវិជ្ជមាន ត្រូវបញ្ជាក់អំពីតម្លៃសេវាដែលត្រូវចំណាយ សម្រាប់ទទួលបានព័ត៌មាននៅក្នុងលិខិតនោះ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៤

សា្ថប័នសាធារណៈត្រូវផ្តល់ព័ត៌មានដល់អ្នកស្នើសុំដូចតទៅ៖

១- ផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃទទួលបានការឆ្លើយតបជាផ្លូវការពីអ្នកស្នើសុំថាឯកភាពទទួលយកតម្លៃសេវាដូចបានបញ្ជាក់ក្នុងមាត្រា១៣ នៃច្បាប់នេះ ។

២- ប្រសិនបើការផ្តល់ព័ត៌មាន មិនអាចធ្វើទៅបានក្នុងអំឡុងពេលដែលបានកំណត់នៅចំណុចទី១ ស្ថាប័នសាធារណៈអាចធ្វើការពន្យារពេលបន្តទៀតមិនឲ្យលើសពីរយៈពេល ៤០ (សែសិប) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានសំណើសុំដោយបញ្ជាក់ពីមូលហេតុនៃការពន្យារពេលនេះជាលាយលក្ខណ៍អក្សរទៅអ្នកស្នើសុំព័ត៌មានវិញ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៥

ស្ថាប័នសាធារណៈ អាចបដិសេធផ្តល់ព័ត៌មានជូនអ្នកស្នើសុំក្នុងលក្ខខណ្ឌដែលបានកំណត់ដូចតទៅ៖

១- ព័ត៌មានដែល ស្ថិតក្នុងបទបញ្ញត្តិហាមឃាត់ដូចមានចែងក្នុងមាត្រា២០ នៃច្បាប់នេះ។

២- អ្នកស្នើសុំមិនព្រមបំពេញបែបបទស្នើសុំឲ្យបានពេញលេញ ដូចមានចែងក្នុងមាត្រា១១ នៃច្បាប់នេះ។

៣- អ្នកស្នើសុំឆាឆៅរំខានដល់ប្រតិបត្តិការរបស់ស្ថាប័នសាធារណៈ (មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន)។

៤- ស្ថាប័នសាធារណៈទើបបានផ្តល់ព័ត៌មានឲ្យអ្នកស្នើសុំរួចហើយក្នុងរយៈពេល ៩០(កៅសិប) ថ្ងៃ ។

៥-សំណៅឯកសារស្នើសុំដែលកំពុងរក្សាទុកដោយស្ថាប័នសាធារណៈ មានលក្ខណៈឫងាយខូចខាត ដែលពុំមានមធ្យោបាយណាមួយផ្តល់ជូនបាន។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៦

អ្នកស្នើសុំដែលមាន បំណងចង់បានព័ត៌មានពិតប្រាកដ ហើយត្រូវបានស្ថាប័នសាធារណៈបដិសេធដោយមូលហេតុច្បាស់លាស់ដូចមានចែងក្នុងមាត្រា១១ និងមាត្រា១៥ នៃច្បាប់នេះអាចស្នើសុំឡើងវិញ ដោយជ្រើសរើសព័ត៌មានដែលត្រូវការចាំបាច់ពិតប្រាកដឲ្យមានចំនួនសមស្របងាយស្រួលដល់មន្រ្តីទទួលបន្ទុកព័ត៌មានបំពេញភារកិច្ចតាមពេលកំណត់ដូចមានចែងក្នុងមាត្រា១៤ នៃច្បាប់នេះ។

ប្រសិនបើ ស្ថាប័នសាធារណៈ មិនបានផ្តល់ព័ត៌មានក្នុងរយៈពេល ៤០(សែសិប) ថ្ងៃ នៃថ្ងៃធ្វើការដោយពុំបានបញ្ជាក់មូលហេតុច្បាស់លាស់ អ្នកស្នើសុំអាចប្ដឹងតវ៉ាទៅស្ថាប័នមានសមត្ថកិច្ចដូចមានចែងក្នុងមាត្រា២២ នៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៧

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវពិនិត្យសំណើសុំព័ត៌មានដែលស្ថិតក្នុងដែនអញ្ញត្រកម្ម រួចធ្វើការបែងចែកផ្នែកព័ត៌មានដែលស្ថិតក្នុងបទបញ្ញត្តិហាមឃាត់និងផ្នែកដែលមិនស្ថិតក្នុងបទបញ្ញតិ្តហាមឃាត់។

មន្រ្តីទទួលបន្ទុកព័ត៌មានត្រូវសម្រេចផ្ដល់ជូនអ្នកស្នើសុំដូចខាងក្រោម៖

១- ព័ត៌មានដែលបានផ្សព្វផ្សាយជាសាធារណៈ រួចហើយដូចមានចែង ក្នុងមាត្រា៦ នៃច្បាប់នេះ ឬថតចម្លង ផ្នែកព័ត៌មានដែលមិនមែនជាព័ត៌មានសម្ងាត់។

២- ព័ត៌មានអំពីការកាត់ចោលកំណត់ត្រាមួយផ្នែកដែលជាព័ត៌មានសម្ងាត់ ដោយបញ្ជាក់ហេតុផលនៃការកាត់ចោលផ្នែកព័ត៌មានសម្ងាត់ និងបទបញ្ញត្តិហាមឃាត់។

៣- ព័ត៌មានរបស់មន្ត្រីនយោបាយនៃស្ថាប័នសាធារណៈ និងមន្រ្តីក្របខណ្ឌរដ្ឋបាលសាធារណៈទាក់ទងទៅនឹងតួនាទី ភារកិច្ច។

៤- ព័ត៌មានពាក់ព័ន្ធផ្នែកពាណិជ្ជកម្មដែលម្ចាស់កម្មសិទ្ធិបានបោះបង់ចោល ឬបានយល់ព្រមផ្តល់ឲ្យស្ថាប័នសាធារណៈប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៨

មន្រ្តីទទួលបន្ទុកព័ត៌មាននៅគ្រប់ស្ថាប័នសាធារណៈ មិនត្រូវគេចវេះពីការទទួលខុសត្រូវក្នុងការបំពេញកាតព្វកិច្ចផ្តល់ព័ត៌មានជូនសាធារណជនដោយមូលហេតុព័ត៌មានស្ថិតក្នុងដែនអញ្ញត្រកម្ម ដូចមានចែងក្នុងមាត្រា ៦ និងមាត្រា១៧ នៃច្បាប់នេះ ។

ប្រសិនបើសំណើសុំព័ត៌មានស្ថិតក្នុងដែនអញ្ញត្រកម្ម ត្រូវអនុវត្តតាមមាត្រា១៧ នៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៩

ស្ថាប័នសាធារណៈ ត្រូវកំណត់តម្លៃសេវាក្នុងការ ផ្តល់ព័ត៌មានជូន សាធារណជន ឱ្យបានសមស្របដូចតទៅ៖

១- ផ្តល់សេវាក្នុងការរៀបចំទម្រង់បែបបទស្នើសុំព័ត៌មានដោយពុំគិតថ្លៃ។

២- ផ្តល់កំណត់ត្រាព័ត៌មានថតចម្លងជាលាយលក្ខណ៍អក្សរ សំឡេង រូបភាព តាមទម្រង់ផ្សេងៗ ត្រូវកំណត់យកតម្លៃសេវាដោយប្រកាសអន្តរក្រសួងរវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយស្ថាប័នពាក់ព័ន្ធ។

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២០

ស្ថាប័នសាធារណៈ អាចបដិសេធផ្ដល់ព័ត៌មានជូនសាធារណជន ប្រសិនបើការ បញ្ចេញព័ត៌មាននោះបណ្តាលឲ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនង ជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ ហិរញ្ញវត្ថុជាតិ ប៉ះពាល់ដល់ជីវភាពឯកជន ឬរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ចដូចតទៅ៖

១- ព័ត៌មានបណ្ដាលឲ្យអន្តរាយដល់វិស័យការពារជាតិ និងសន្តិសុខជាតិ៖

ក- ផែនការយុទ្ធសាស្ត្រជាតិដែលទាក់ទងនឹងវិស័យសន្តិសុខជាតិ វិស័យការពារជាតិ ផែនការទប់ទល់ការឈ្លានពានទឹកដីពីរដ្ឋបរទេស ការនាំចូល ការផលិត ការរក្សាទុក និងការប្រើប្រាស់គ្រឿងសព្វាវុធគ្រប់ប្រភេទ ។

ខ- ទាក់ទងនឹងយុទ្ធសាស្រ្ត ការស៊ើបការណ៍ ប្រតិបត្តិការ យុទ្ធវិធី ក្បួនប្រយុទ្ធដែលពាក់ព័ន្ធនឹងការការពារជាតិ ។

គ- តួលេខ យុទ្ធសាស្រ្តរៀបចំ ពង្រាយកម្លាំង និងសមត្ថភាពការពារជាតិ និងការប្រព្រឹត្តទៅនៃប្រព័ន្ធការពារជាតិ គម្រោងការអភិវឌ្ឍយុទ្ធោបករណ៍ និងយោធបរិក្ខារវិស័យការពារជាតិ ។

ឃ- រូបភាព ទិន្នន័យ និងផែនទី ដែលទាក់ទងនឹងមូលដ្ឋានយោធា និង/ឬ ស្ថានភាពលក្ខណៈទីតាំងយុទ្ធសាស្ត្រយោធា ទីតាំងមូលដ្ឋានរក្សាទុក ឬទីតាំងផលិតអាវុធយុទ្ធភ័ណ្ឌ សំណង់អគារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ។

ង- ទិន្ឋន័យសម្ងាត់យោធា ឬសមត្ថភាពការពារជាតិ របស់រដ្ឋបរទេសដែលបង្ហាញថា រដ្ឋបរទេសនោះអាចបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពព្រះរាជាណាចក្រកម្ពុជា។

ច- ទិន្នន័យព័ត៌មានដែលទាក់ទងនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយនឹងរដ្ឋបរទេសដែលបានព្រមព្រៀងគ្នាថាជាការសម្ងាត់រដ្ឋ ។

ឆ- ប្រព័ន្ធកូដសម្ងាត់របស់រដ្ឋ និង/ឬ ប្រព័ន្ធស៊ើបការណ៍សម្ងាត់របស់រដ្ឋ ។

២- ព័ត៌មានដែលបណ្តាលឲ្យអន្តរាយដល់ទំនាក់ទំនង ជាមួយរដ្ឋបរទេស ឬអន្តរជាតិ៖

ក- ជំហរ សមត្ថភាពចរចា និងផែនការយុទ្ធសាស្ត្រសម្ងាត់ដែលរដ្ឋនឹងយកទៅចរចា ឬ ទទួលយកលទ្ធផលនៃការចរចាជាមួយរដ្ឋបរទេស ឬអន្តរជាតិ ។
ខ- ការទំនាក់ទំនង ឬការឆ្លើយឆ្លងជាការសម្ងាត់ខាងការទូតជាមួយរដ្ឋបរទេស ឬអន្តរជាតិ។

គ- រាល់ប្រព័ន្ធគមនាគមន៍ដាក់កូដសម្ងាត់សំរាប់ប្រើប្រាស់ភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋបរទេស ឬអន្តរជាតិ ។

ឃ- ការការពារសន្តិសុខ ទីតាំងយោធា ហេដ្ឋារចនាសម័្ពន្ធជាយុទ្ធសាស្ត្រនៅបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ។

៣- ព័ត៌មានដែលធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ៖

ក- គម្រោងដាក់លក់ ឬទិញរូបិយប័ណ្ណបរទេស ឬរូបិយវត្ថុជាតិរបស់ភាគហ៊ុន និងទ្រព្យសម្បត្តិជាសារវ័ន្តរបស់រដ្ឋ ។

ខ- គម្រោងផែនការកែសម្រួលអត្រាប្តូររូបិយប័ណ្ណបរទេស កម្ចីរដ្ឋាភិបាល កំណែទម្រង់ពន្ធ អត្រាពន្ធ ឬចំណូលរបស់រដ្ឋ ។

គ- គម្រោងផែនការទិញ -លក់ ទ្រព្យសម្បត្តិរដ្ឋ ឬផែនការវិនិយោគបរទេស ។

ឃ- ការសម្ងាត់លើសេចក្តីប្រកាស ហេតុការណ៍ សារលិខិត តួលេខ ឬអត្ថន័យនៃឯកសារគណនេយ្យ ឬរដ្ឋបាលដូចមានចែងក្នុងច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

៤- ព័ត៌មានដែលការបញ្ចេញនេះបណ្តាលឱ្យរាំងស្ទះដល់ដំណើរការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ការអនុវត្តច្បាប់ និងការសម្ងាត់របស់តុលាការដែលត្រូវយកមកអនុវត្ត ៖

ក- រាំងស្ទះដល់ដំណើរការស៊ើបអង្កេតរបស់មន្ត្រីមានសមត្ថកិច្ច លើករណីបទល្មើសព្រហ្មទណ្ឌ។

ខ- បង្ហាញអត្តសញ្ញាណរបស់អ្នករាយការណ៍ សាក្សី និង/ឬ ជនរងគ្រោះដែលស្ថិតក្នុងវិធានការការពារ ដែលបានដឹងពីសកម្មភាពនៃការប្រព្រឹត្តបទល្មើស ។

គ- ខូចខាតដល់ឧបករណ៍ សំភារ បរិក្ខារ និង /ឬ ហេដ្ឋារចនាសម្ព័ន្ធនៃស្ថាប័នអនុវត្តច្បាប់ ។

ឃ- បង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និង /ឬ អាយុជីវិតរបស់មន្ត្រីអនុវត្តច្បាប់ ឬសមាជិកក្រុមគ្រួសាររបស់ពួកគេ ។

ង- ខូចខាតដល់ការស៊ើបអង្កេតខាងផ្នែកព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងការទប់ស្កាត់នៃការប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែនអន្តរជាតិ ។

៥- ព័ត៌មានដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពឯកជន៖

ក- ព័ត៌មានអំពីប្រវត្តិស្ថានភាពខាងវេជ្ជសាស្ត្រ និងវិធីសាស្ត្រព្យាបាលសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់បុគ្គលឯកជន ។

ខ- ព័ត៌មានដែលបង្ហាញពីការវាយតម្លៃផ្នែកកាយសម្បទា បញ្ញា កំណត់ត្រាអប់រំផ្លូវចិត្តរបស់បុគ្គលឯកជន ។

គ-ព័ត៌មានដែលទាក់ទងនឹងសន្តតិកម្មមានបណ្តាំ ឬ សន្តតិកម្មតាមច្បាប់ ។

ឃ- ព័ត៌មានដែលបង្ហាញឲ្យស្គាល់អត្តសញ្ញាណ ឬ ឈ្មោះរបស់ភាគីណាមួយក្នុងរឿងក្ដីរដ្ឋប្បវេណីពាក់ព័ន្ធនឹងបិតុភាព/មាតុភាព អាពាហ៍ពិពាហ៍ ការលែងលះ ឬសិទ្ធិគ្រប់គ្រងកូន ។

ង- ព័ត៌មានដែលបង្ហាញឲ្យស្គាល់អត្តសញ្ញាណអនីតិជន ក្នុងរឿងក្ដីរដ្ឋប្បវេណី ឬគ្រោះថ្នាក់ជាយថាហេតុ និងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត ។

ច- ព័ត៌មានដែលបង្ហាញឲ្យស្គាល់អត្តសញ្ញាណ ជនរងគ្រោះក្នុងរឿងក្ដីរំលោភសេពសន្ថវៈ។

ឆ- ព័ត៌មានដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ប្រាក់ចំណូល និងគណនីធនាគារ របស់បុគ្គលឯកជន លើកលែងតែមានបទប្បញ្ញត្តិចែងផ្សេងពីនេះ ។

ជ- ព័ត៌មានដែលបង្ហាញអំពីការសម្ងាត់ផ្នែកកម្មសិទ្ធិបញ្ញា និងការសម្ងាត់ពាណិជ្ជកម្ម ។

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២១

ដើម្បីធានាការពារអធិបតេយ្យជាតិ សន្តិសុខជាតិ និង សិទ្ធិនៃការរស់នៅរបស់បុគ្គលម្នាក់ៗ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នសាធារណៈត្រូវអនុញ្ញាតឲ្យផ្តល់ព័ត៌មានសម្ងាត់ ជូនសាធារណជនប្រើប្រាស់ក្រោយរយៈពេលកំណត់ដូចខាងក្រោម៖

- 0៧ (ប្រាំពីរ) ថ្ងៃ ដល់ 0១ (មួយ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារ ចំពោះឯកសារដែលទាក់ទងនឹងការប្រជុំសម្ងាត់ផ្ទៃក្នុងរបស់ស្ថាប័នសាធារណៈ ការសម្ងាត់ក្នុងការតែងតាំង និងការសម្ងាត់នៃការប្រលងផ្សេងៗ។

- ២៥ (ម្ភៃប្រាំ)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារ ឬគិតចាប់ពីថ្ងៃបញ្ចប់សំណុំរឿងចំពោះឯកសារប៉ះពាល់ដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងការទូត សណ្តាប់ធ្នាប់សាធារណៈសេដ្ឋកិច្ច បច្ចេកវិទ្យា សៀវភៅអត្រានុកូលដ្ឋាន លិខិតសារការី និង សំណុំរឿងក្ដី ។

- ៧៥ (ចិតសិបប្រាំ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃឯកសារ ចំពោះសំណុំឯកសារផ្ទាល់ខ្លួន សំណុំឯកសារវេជ្ជសាស្រ្តរបស់បុគ្គលម្នាក់ៗ និងសំណុំរឿងក្តីបុគ្គលឯកជន។ លើកលែងតែសំណុំរឿងបទឧក្រិដ្ឋប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋសង្រ្គាម ស្ថាប័នសាធារណៈត្រូវផ្ដល់ជូនសាធារណជនប្រើប្រាស់បន្ទាប់ពីតុលាការបានបញ្ចប់សំណុំរឿងក្តីនេះជាស្ថាពរ ។

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២២

រាល់ព័ត៌មានសម្ងាត់ មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវអនុវត្ដដូចខាងក្រោម៖

- ចុះបញ្ជីព័ត៌មានសម្ងាត់ជាផ្លូវការ

- លុបព័ត៌មានសម្ងាត់ចេញពីបញ្ជីព័ត៌មានសម្ងាត់ដែលផុតរយៈពេលកំណត់

- លុបព័ត៌មានសម្ងាត់ចេញពីបញ្ជីព័ត៌មានសម្ងាត់ដោយមានការស្នើសុំ ឬ យល់ព្រមពីម្ចាស់សិទ្ធិ ។

យន្តការ និងនីតិវិធីនៃការកំណត់ព័ត៌មានសម្ងាត់ ការធ្វើចំណាត់ថ្នាក់ព័ត៌មានសម្ងាត់ ការចុះបញ្ជី ការលុបចេញពីបញ្ជីព័ត៌មានសម្ងាត់ ដូចមានចែងក្នុងមាត្រា២០ និងមាត្រា២១ នៃច្បាប់នេះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២៣_ថ្មី (អនុគណៈបានសម្រេច ២១.១១.១៧)

ដើម្បីការពារ និងបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់សិទ្ធិក្នុងការទទួលព័ត៌មានរបស់សាធារណជនស្របតាមគោលការណ៍ច្បាប់ ប្រធានស្ថាប័នសាធារណៈ អាចសម្រេចកាត់បន្ថយ ឬពន្យាររយៈពេលកំណត់នៃព័ត៌មានសម្ងាត់នូវផ្នែកណាមួយ ឬទាំងស្រុងដូចមានចែងក្នុងមាត្រា២១ នៃច្បាប់នេះ ដើម្បីអនុញ្ញាតផ្ដល់ជូន សាធារណជនប្រើប្រាស់ ។

ករណីផុតរយៈពេលកំណត់ នៃការការពារឯកសារសម្ងាត់ដូចមានចែងក្នុងមាត្រា២១នៃច្បាប់នេះ ស្ថាប័នសាធារណៈអាចពន្យារពេលការពារឯកសារសម្ងាត់នោះបានតែម្តងគត់ និងមានរយៈពេលមួយភាគ ពីរនៃរយៈពេលកំណត់ដូចមានចែងក្នុងកថាខណ្ឌទី១ ទី២ និងទី៣ មាត្រា២១នៃច្បាប់នេះ ប្រសិនបើ ការបញ្ចេញឯកសារសម្ងាត់នោះនៅតែបង្កឲ្យអន្តរាយដល់សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ និង ផលប្រយោជន៍បុគ្គល ដែលត្រូវបានការពារដោយច្បាប់ ។



មតិយោបល / Comments
ជំពូកទី ៥ - កិច្ចការពារនៃការផ្តល់ព័ត៌មាន - មាត្រា ២៤

បុគ្គលគ្រប់រូបមិនត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ឬវិន័យរដ្ឋបាលណាមួយពីការប្តឹងបរិហារដល់អាជ្ញាធរតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមដែលខ្លួនបានដឹង និង/ឬ នៅក្នុងក្របខណ្ឌនៃមុខងារ ឬភារកិច្ចដែលសាមីខ្លួនកំពុងបំពេញ។

មតិយោបល / Comments
ជំពូកទី ៥ - កិច្ចការពារនៃការផ្តល់ព័ត៌មាន - មាត្រា ២៥

មន្ត្រីទទួលបន្ទុកព័ត៌មានមិនត្រូវទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ឬ វិន័យរដ្ឋបាលណាមួយចំពោះការសំរេចផ្តល់ព័ត៌មានជូនសាធារណជន ដែលបានធ្វើក្នុងក្របខណ្ឌសមត្ថកិច្ច និងមុខងាររបស់ខ្លួនក្នុងឋានៈជាមន្ត្រីទទួលបន្ទុកព័ត៌មាន។ គោលការណ៍នេះ មិនត្រូវបានយកមកអនុវត្តឡើយក្នុងករណីមន្ត្រីទទួលបន្ទុកព័ត៌មានបំពេញភារកិច្ចរបស់ខ្លួន ដោយបំពានក្នុងចេតនាទុច្ចរិតលើសមត្ថកិច្ច និងមុខងារដែលច្បាប់បានប្រគល់ឲ្យ។

មតិយោបល / Comments
ជំពូកទី ៦ - ការប្តឹងតវ៉ានិងការអនុវត្តសេចក្តីសម្រេច - មាត្រា ២៦

អ្នកស្នើសុំអាចប្តឹងតវ៉ាទៅប្រធានស្ថាប័នដែលខ្លួនបានស្នើសុំព័ត៌មាន ប្រសិនបើសំណើសុំព័ត៌មាននោះពុំត្រូវបានផ្តល់ជូនតាមការស្នើសុំដូចមានចែងក្នុងមាត្រា១៤ ឬត្រូវបានបដិសេធពីស្ថាប័នសាធារណៈដោយពុំមានការបញ្ជាក់អំពីមូលហេតុឲ្យបានច្បាស់លាស់ដូចមានចែង ក្នុងមាត្រា១៥ និងមាត្រា ១៧ នៃច្បាប់នេះ។

ស្ថាប័នសាធារណៈត្រូវឆ្លើយតបទៅនឹងបណ្តឹងក្នុងរយៈពេល១៥(ដប់ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង។

ករណីអ្នកស្នើសុំមិនយល់ព្រមតាមសេចក្តីសម្រេចរបស់ប្រធានស្ថាប័នសាធារណៈដែលខ្លួនបានប្តឹង អ្នកស្នើសុំអាចប្តឹងបដិសេធសេចក្តីសំរេចនេះទៅសាលាដំបូងរាជធានី ឬខេត្ត និងអាចប្តឹងជំទាស់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានី ឬខេត្តទៅតាមនីតិវិធីច្បាប់ ។ មតិយោបល / Comments


ជំពូកទី ៦ - ការប្តឹងតវ៉ានិងការអនុវត្តសេចក្តីសម្រេច - មាត្រា ២៧

បើសាលាជម្រះក្ដីជាន់ទាប ឬសាលាជម្រះក្ដីជាន់ខ្ពស់សម្រេចឲ្យស្ថាប័នសាធារណៈផ្តល់ព័ត៌មានតាមការស្នើសុំ នីតិវិធីនៃការផ្ដល់ព័ត៌មានត្រូវអនុវត្តតាមមាត្រា១៣ និងមាត្រា១៤ នៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ២៨

មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានដែលពុំបានបំពេញកាតព្វកិច្ចតាមបទបញ្ញត្តិមាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ មាត្រា១៧ មាត្រា១៨ និងមាត្រា២៣ នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាង វិន័យរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ។ មតិយោបល / Comments


ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ២៩

បុគ្គលណាប្រព្រឹត្តអំពើឆាឆៅរំខាន រារាំងឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ប្រតិបត្តិការរបស់មន្រ្តីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងការបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ (ប្រាំពីរ)ថ្ងៃ ទៅ១ (មួយ)ខែ និងពិន័យជាប្រាក់ពី១០.០០០ (មួយម៉ឺន) រៀល ទៅ ១០០.០០០ (មួយសែន) រៀល ។

ក្នុងករណីប្រព្រឹត្តអំពើហឹង្សាប្រឆាំងនឹងមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានដែលបំពេញមុខងារដូចមានចែងក្នុងកថាខណ្ឌទី១ មាត្រា២៦នៃច្បាប់នេះ ត្រូវផ្តន្ទាទោសតាមបទ បញ្ញត្តិមាត្រា៥០៦ (បទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ) នៃក្រមព្រហ្មទណ្ឌ ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣០

អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តអំពើឆាឆៅរំខាន រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ប្រតិបត្តិការបំពេញភារកិច្ចរបស់មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុក ព័ត៌មាន ដូចមានចែងក្នុងមាត្រា១៥ នៃច្បាប់នេះ ត្រូវផ្តន្តាទោសតាមបទបញ្ញត្តិមាត្រា ៥០៥ (បទញុះញង់ឲ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ) នៃក្រមព្រហ្មទណ្ឌ (អាចលុបបាន)។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣១

បុគ្គលណាដែលប្តឹងបរិហារដោយភូតកុហកដល់ស្ថាប័នសាធារណៈ ឬអាជ្ញាធរតុលាការនូវអំពើជាបទល្មើស កាលបើការប្តឹងបរិហារនេះនាំឲ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ១.០០០.០០០ (មួយលាន) រៀល ។

ក្នុងករណីអំពើផ្តល់ព័ត៌មានមិនពិតដល់អាជ្ញាធរស៊ីវិល ឬយោធាខ្មែរ ដែលអាចឲ្យអន្តរាយដល់ការការពារជាតិដើម្បីបម្រើផលប្រយោជន៍រដ្ឋបរទេស ត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៤៤៨ (បទផ្តល់ព័ត៌មានមិនពិត) នៃក្រមព្រហ្មទណ្ឌ។ (អាចលុបបាន)

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣២

បុគ្គលណាដែលមានភារកិច្ចផ្តល់ព័ត៌មាន ឬកាន់កាប់ព័ត៌មានរបស់ស្ថាប័នសាធារណៈហើយ យល់ព្រមបង្ហាញព័ត៌មានសម្ងាត់ដល់បុគ្គលគ្មានសមត្ថកិច្ចឲ្យដឹងដើម្បីទទួលអំណោយ ជំនូន ការសន្យា ឬផលប្រយោជន៍ណាមួយត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៣២(បទល្មើសពុករលួយ) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣៣

បុគ្គលណាដែលមានភារកិច្ចផ្តល់ព័ត៌មាន ឬកាន់កាប់ព័ត៌មានសម្ងាត់ដោយមូលហេតុនៃស្ថាន ភាពរបស់ខ្លួន មុខរបរ មុខងារ ឬបេសកកម្មរបស់ខ្លួន ហើយបានបង្ហាញ ឬធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ដល់បុគ្គលគ្មានសមត្ថកិច្ចដឹងពីការសម្ងាត់របស់ស្ថាប័នសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀលទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវផ្តន្ទាទោសដោយទោសបន្ថែមដូចមានចែងក្នុងមាត្រា ៤៨៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។

ក្នុងករណីការបែកធ្លាយព័ត៌មានសម្ងាត់ដោយអចេតនា ឬការមិនគោរពបទបញ្ជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែទៅ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣៤

បុគ្គលណាដែលមានភារកិច្ចផ្តល់ព័ត៌មាន ឬកាន់កាប់ព័ត៌មានហើយបានប្រគល់ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានសម្ងាត់ដែលធ្វើឲ្យអន្តរាយសន្តិសុខជាតិ សេដ្ឋកិច្ចជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជា ប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវ ផ្តន្ទាទោស ដោយទោសបន្ថែមដូចមានចែងក្នុងមាត្រា៤៥០ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣៥

បុគ្គលណាដែលគ្មានសមត្ថកិច្ចកាន់កាប់ព័ត៌មាន ឬបុគ្គលដែលធ្លាប់បំពេញភារកិច្ចកាន់កាប់ ព័ត៌មានរបស់ស្ថាប័នសាធារណៈហើយបានរក្សាទុក ឬកាន់កាប់ព័ត៌មានសម្ងាត់ជាឯកជនដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០០០០(បួនលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសបញ្ញត្តិ - មាត្រា ៣៦

បុគ្គលណាដែលមានភារកិច្ចកាន់កាប់ព័ត៌មានសាធារណៈ ហើយបានធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញព័ត៌មាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០ ០០០(បួនលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល និងត្រូវផ្តន្ទាទោសដោយ ទោសបន្ថែមដូចមានចែងក្នុងមាត្រា ៤៨៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ ។

ប្រសិនបើការខូចខាតព័ត៌មានដោយអចេតនាក្នុងពេលបំពេញភារកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ) ខែ ទៅ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០ (មួយលាន)រៀល ទៅ ២.០០០.០០០ (ពីរលាន)រៀល ។

មតិយោបល / Comments
ជំពូកទី៨ - អន្តរបញ្ញត្តិ - មាត្រា ៣៧

ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខនស/រកម/០៨៩៥/០៧ ចុះថ្ងៃទី០១ខែកញ្ញា ឆ្នាំ១៩៩៥ និងបទបញ្ញត្តិនៃច្បាប់ពាក់ព័ន្ធផ្សេងទៀត ព្រមទាំងបទដ្ឋានគតិយុត្តទាំងឡាយដែលគាំទ្រដល់ការអនុវត្តច្បាប់នេះមានសុពលភាពអនុវត្តរហូតដល់មានបទបញ្ញត្តិថ្មីមកជំនួស។

មន្រ្តីទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី - ខេត្ត ដែលបានបង្កើតឡើងដោយប្រកាសអន្តរ-ក្រសួងរវាងក្រសួងមហាផ្ទៃជាមួយក្រសួងព័ត៌មានតាមប្រកាសលេខ៣៥២៧ ប្រក ៤៤៣ ពម.ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ត្រូវបន្តអនុវត្តរហូតដល់ការិយាល័យទទួលបន្ទុកព័ត៌មានថ្មីមកជំនួស ស្របតាមស្មារតីនៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៩ -អន្តរបញ្ញត្តិ - មាត្រា ៣៨

ច្បាប់នេះមានអាទិភាព ប្រសិនបើមានបទបញ្ញត្តិនៃច្បាប់ផ្សេងទៀតមិនស្របគ្នានឹងបទបញ្ញត្តិទាំងឡាយនៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៩ - អវសានបញ្ញត្តិ - មាត្រា ៣៩

ច្បាប់នេះមានអាទិភាព ប្រសិនបើមានបទបញ្ញត្តិនៃច្បាប់ផ្សេងទៀតមិនស្របគ្នានឹងបទបញ្ញត្តិទាំងឡាយនៃច្បាប់នេះ។

មតិយោបល / Comments

ដៃគូសហកប្រតិបត្តិការណ៍

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514