សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១១

ការស្នើ​សុំ​ព័ត៌មាន​ត្រូវ​ធ្វើ​ឡើង​ជាលាយ​លក្ខណ៍អក្សរ​ដោយ​បញ្ជាក់​លម្អិត​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ព័ត៌មាន​ និងទម្រង់​ព័ត៌មាន​ដែល​ត្រូវ​ស្នើ​សុំ​ទៅ​ស្ថាប័ន​សាធារណៈ​។​
នីតិវិធី ​និង​ទម្រង់​បែប​បទ​នៃ​ការស្នើ​សុំ​ព័ត៌មាន​ត្រូវ​បាន​កំណត់​ដូច​តទៅ៖

១-​ ទម្រង់​បែប​បទ​ស្នើ​សុំ​ព័ត៌មាន​៖

ក-​ ឈ្មោះ​ ភេទ​ អាយុ សញ្ជាតិ​ មុខរបរ

ខ- អាសយដ្ឋាន​ស្នាក់​នៅ​បច្ចុប្បន្ន និង​/ឬ អាសយដ្ឋានអេឡិចត្រូនិក (ប្រសិនបើ​មាន​)

គ- បញ្ជី​ឈ្មោះ​ព័ត៌មាន​លម្អិត​ដែល​ត្រូវ​ស្នើសុំ​។

២- អ្នក​ស្នើ​សុំដែល​គ្មាន​លទ្ធភាព​បំពេញ​ទម្រង់​បែបបទ​ខ្លួន​ឯង​ ដោយសារ​អនក្ខរភាព​ ឬ​ពិការភាព​ សាមីខ្លួន​អាច​ធ្វើ​ការ​ស្នើ​សុំ​ព័ត៌មាន​ដោយ​ផ្ទាល់​មាត់​។​ មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ដែល​បាន​ទទួល​សំណើ​សុំ​ហើយ ត្រូវ​ជួយ​បំពេញ​បែប​បទ​ព័ត៌មាន​ជាលាយលក្ខណ៍​អក្សរ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការស្នើ​សុំ​ដោយ​ឥតគិត​ថ្លៃ​ ហើយ​ត្រូវ​ដាក់​ឈ្មោះ​មន្ត្រីដែល​បាន​បំពេញ​ភារកិច្ច​នេះ​នៅ​ក្នុង​សេចក្តីថត​ចម្លង​ និង​បង្កាន់​ដៃ​របស់​អ្នក​ស្នើ​សុំ​។​

៣- អ្នក​ស្នើ​សុំ​អាច​ប្រគល់​សំណើ​សុំ​ព័ត៌មាន​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ផ្ទាល់​ដៃ​ ឬ​តាម​រយៈ​តំណាង​ស្រប​ច្បាប់​ទៅ​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ ឬ​អាច​ផ្ញើ​តាម​រយៈ​ប្រៃសណីយ៍ ឬសារអេឡិចត្រូនិក​​ទៅ​កាន់​ស្ថាប័ន​សាធារណៈ​ដែល​កាន់​កាប់​ព័ត៌មាន​នោះ​។​

៤- មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ដែល​បាន​ទទួល​ការ​ស្នើ​សុំ​ព័ត៌មាន​ត្រូវ​ចុះ​បញ្ជី​ និង​ចេញ​នូវ​បង្កាន់​ដៃ​បញ្ជាក់​ឱ្យ​អ្នក​ដែល​បាន​ស្នើ​សុំ​នោះ​។​

៥- អ្នក​ស្នើ​សុំ​ត្រូវ​ទទួល​យក​បង្កាន់​ដៃសំអាង​ពី​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​បន្ទាប់ ​ពី​បាន​ប្រគល់​សំណើរួច​។​ ចំពោះ​អ្នក​ស្នើ​សុំ​តាម​រយៈប្រៃសណីយ៍ ឬ​សារអេឡិចត្រូនិក បង្កាន់​ដៃសំអាង​ត្រូវ​ផ្តល់​ជូន​តាម​ប្រភេទ​មធ្យោបាយ​ដែល​ស្នើ​សុំ​។​

៦- មន្ត្រី​ស្ថាប័ន​សាធារណៈ​ដែល​ទទួល​បាន​សំណើ​សុំ​ព័ត៌មាន​ហើយ​ត្រូវ​បញ្ជូន​សំណើ​នោះ​ទៅ​កាន់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ (ម្ភៃបួនម៉ោង) ​នៃ​ថ្ងៃធ្វើការ​។​

៧- ប្រសិនបើ​សំណើ​សុំ​ព័ត៌មានមិនចំស្ថាប័ន​មាន​សមត្ថកិច្ច​កាន់​កាប់​ព័ត៌មាន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មានត្រូវ​បញ្ជូន​សំណើ​នោះ​ត្រឡប់​ទៅ​អ្នក​ស្នើ​សុំ​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ និង​ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​អំពី​ស្ថាប័ន​ដែល​កំពុង​កាន់​កាប់​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សំណើ​នោះ​។​



ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514