សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៦ - ការប្តឹងតវ៉ានិងការអនុវត្តសេចក្តីសម្រេច - មាត្រា ២៦

អ្នក​ស្នើសុំ​អាចប្តឹង​តវ៉ា​ទៅ​ប្រធាន​ស្ថាប័ន​ដែល​ខ្លួន​បាន​ស្នើ​សុំ​ព័ត៌មាន ​ប្រសិន​បើ​សំណើ​សុំ​ព័ត៌មាន​នោះ​ពុំ​ត្រូវ​បាន​ផ្តល់​ជូន​តាម​ការ​ស្នើ​សុំ​ដូច​មាន​ចែង​ក្នុង​មាត្រា​១៤​ ឬ​ត្រូវ​បាន​បដិសេធពី​ស្ថាប័ន​សាធារណៈ​ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ឱ្យ​បាន​ច្បាស់​លាស់​ដូច​មាន​ចែង​ក្នុង​មាត្រា​១៥ និង​មាត្រា​១៧​ នៃ​ច្បាប់​នេះ​។​

នៅ​ថ្នាក់​ក្រោម​ជាតិ​ ប្រសិន​បើ​អ្នក​ស្នើ​សុំ​មិន​យល់​ស្រប​នឹង​សេចក្តី​សម្រេច​របស់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ អ្នក​ស្នើ​សុំ​អាច​ប្តឹង​ទៅ​ប្រធាន​ស្ថាប័ន​ ឬ​ទៅ​ការិយាល័យ​ប្រជាពលរដ្ឋ ​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន​ដែល​ខ្លួន​ស្នើសុំ​។​

ការប្តឹង​តវ៉ា​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៣០​(សាមសិប) ថ្ងៃនៃ​ថ្ងៃធ្វើការ​​ គិត​ចាប់​ពី​ថ្ងៃ​ដែល​សាមីខ្លួន​បាន​ទទួល ​លិខិត​បដិសេធពី​ស្ថាប័ន​សាធារណៈ។​

ស្ថាប័ន​សាធារណៈ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ក្នុង​រយៈពេល​១៥​(ដប់ប្រាំ) ថ្ងៃនៃ​ថ្ងៃធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ពាក្យ​បណ្តឹង​។​ ក្នុង​ករណី​ដែល​អ្នក​ស្នើ​សុំ​មិនយល់​ព្រម​តាម​សេចក្តីសម្រេច​របស់​ប្រធាន​ស្ថាប័ន​សាធារណៈដែល​ខ្លួន​បាន​ប្តឹង​តវ៉ា​ទេ​នោះ​ អ្នក​ស្នើសុំ​អាច​ប្តឹង​បដិសេធសេចក្តីសម្រេច​នេះ​ក្នុង​រយៈពេល​៣០​ (សាមសិប​)​ ថ្ងៃ​នៃ​ថ្ងៃធ្វើ​ការ​ទៅ​សាលាដំបូង​រាជធានី​ ឬ​ខេត្ត គិតចាប់​ពីថ្ងៃទទួល​បាន​សេចក្តីជូន​ដំណឹង​អំពី​សេចក្តីសម្រេចនោះ​​ និង​អាច​ប្តឹង​ជំទាស់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ ឬ​ខេត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។



ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514