សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ៤

វាក្យ​សព្ទបច្ចេកទេស​​ដែល​ប្រើ​នៅក្នុង​ច្បាប់​នេះ​ មាន​និយ​​ម​ន័យ​ដូច​តទៅ៖

ព័ត៌មាន​ សំដៅ​ដល់​ឯកសារផ្លូវ​ការ​គ្រប់​ប្រភេទ​ និង​គ្រប់​ទម្រង់​ដែល​កាន់​កាប់​ដោយ​ស្ថាប័ន​សាធារណៈ។

ព័ត៌មានសាធារណៈ​ សំដៅដល់​ព័ត៌មាន​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ដឹង​ឮយ៉ាង​ទូលំទូលាយ​។

ព័ត៌មាន​សម្ងាត់​ សំដៅ​ដល់​ព័ត៌មាន​ដែល​ស្ថាប័ន​សាធារណៈ​មិនអាច​ផ្តល់​ជូន​សាធារណជន​បាន​។

មន្ត្រី សំដៅដល់​បុគ្គល​ដែល​​​បំពេញ​តួនាទី​ក្នុង​ស្ថាប័ន​សាធារណៈ​។​

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ សំដៅដល់​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ស្ថាប័ន​សាធារណៈមាន​ភារកិច្ចគ្រប់​គ្រង​ និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​។​

​អង្គភាពព័ត៌មាន​ សំដៅដល់​កន្លែង​គ្រប់​គ្រង និង​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​សាធារណៈ​។

ស្ថាប័ន​សាធារណៈ សំដៅដល់​ក្រសួង​ ស្ថាប័ន​រដ្ឋ​ ឬ​អង្គភាព​ដទៃ​ទៀត​ដែល​អនុវត្ត​នូវ​មុខងារ​សាធារណៈ​​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិ ដែល​បង្កើត​ឡើង​ដោយ​បទប្បញ្ញត្តិ​ច្បាប់​ និ​ង//ឬ លិខិត​បទដ្ឋាន​គតិយុត្ត​ដទៃទៀត​។

អ្នក​ស្នើ​សុំ​ព័ត៌មាន សំដៅដល់​រូប​វន្ត​បុគ្គល​ ឬនីតិបុគ្គល​ដែល​បាន​ធ្វើ​សំណើ​សុំ​ព័ត៌មាន។​

រដ្ឋបាល​ថ្នាក់​ជាតិ​ សំដៅ​ដល់​ក្រសួង​ ស្ថាប័ន​ ឬ​អង្គភាព​សាធារណៈប្រហាក់​ប្រហែល​។

រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ សំដៅ​ដល់​រាជធានី-ខេត្ត​-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់​ ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​នីមួយៗ។

ប្រឆាំង​នឹង​ការអនុវត្តការងារសាធារណៈ សំដៅដល់​អំពើ​ប្រឆាំង​ដោយ​ហិង្សាទៅ​លើ​ការ​អនុវត្ត​ការងារសាធារណៈ​ ឬ​ការងារ​ដែល​មាន​ប្រយោជន៍​ជាសាធារណៈ។​

អញ្ញត្រកម្ម​ សំដៅដល់​ការលើកលែង​ព័ត៌មាន​មួយផ្នែក​ ឬ​ផ្នែក​ណាមួយ​នៅ​ក្នុង​សំណៅ​ឯកសារ​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​។​

សន្តតិកម្ម សំដៅ​ដល់​ការ​ផ្ទេរនូវ​សិទិ្ធ ​និង​ករណីយកិច្ច​របស់​មតកជន​ទៅ​ឱ្យ​សន្តតិជន​ម្នាក់​ ឬច្រើន​នាក់​តាម​ឆន្ទៈ ឬតាម​ច្បាប់​។



ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514