សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៦

គ្រប់​ស្ថាប័ន​សាធារណៈ​ទាំង​អស់​ត្រូវ​គោរព​គោល​ការណ៍​នៃ​ការ​លាត​ត្រដាង​ព័ត៌មានជាអតិបរមា។​ ដើម្បីសម្រេច​គោល​ដៅ​នេះ​ ស្ថាប័នទាំង​នោះ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​កម្ម​ជាប្រចាំ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយជាសាធារណៈ​​ដូច​ខាង​ក្រោម​៖

១- ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិទៅ​របស់​ស្ថាប័ន​សាធារណៈ​នានា​រួម​ទាំង​សកម្មភាព​ការងារ​ ព្រម​ទាំង​សមិទ្ធផល​ទាំង​ឡាយ​ដែល​សម្រេចបាន។​

២-​ ផែន​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ផែន​ការ​អភិវឌ្ឍលើគ្រប់​វិស័យ​របស់​ស្ថាប័ន​សាធារណៈ។

៣- ព័ត៌មាន​លម្អិត​អំពី​យន្ត​ការ​សេវា​រួម​ទាំង​តារាង​តម្លៃ​សេវា​​នានា ​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្តល់​ជូន​សាធារណជន​។​

៤- ច្បាប់​ បទដ្ឋាន​គតិយុត្ត គោល​នយោបាយ​ សេចក្តី​សម្រេច​នានា និង​ភារកិច្ច​របស់​ស្ថាប័ន​សាធារណៈ​ដែល​ទាក់​ទង​នឹង​សិទិ្ធ​ សេរីភាព​ កាតព្វ​កិច្ច​ និង​ផល​ប្រយោជន៍​របស់​សាធារណជន​។

៥- គ្រប់​ទិដ្ឋភាព​នៃ​ដំណើរការរបស់​ស្ថាប័ន​សាធារណៈ​ និង​នីតិវិធី​​​របស់​តុលាការ​រួម​ទាំង​កិច្ចការ​រដ្ឋបាល​ដែល​មាន​ផល​ប្រយោជន៍​ និង​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​សាធារណជន​ លើកលែង​​​ដំណើរការ​នីតិវិធី ឬបទ​ប្បញ្ញត្តិ​មួយ​ចំនួន ​ដែលស្ថិតនៅក្នងបទប្បញ្ញត្តិ​ហាមឃាត់។

៦- គម្រោង​ថវិកាប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​ភ្ជាប់​ជាមួយ​នឹង​សេចក្តីលម្អិត​ព័ត៌មា​ន​អំពី​ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​នាពេល​បច្ចប្បន្ន និង​សវនកម្មគណនី​​នៃ​ហិរញ្ញវត្ថុ​ឆ្នាំ​មុន។​

៧- សំណើផ្លូវ​ការ​ ឬ​យន្ត​ការ​បណ្តឹងសម្រាប់​សាធារណជន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សកម្មភាព​ ឬ​ខក​ខាន​មិន​ធ្វើ​សកម្មភាព​ដោយ​ស្ថាប័ន​សាធារណៈ​នោះ​រួម​ជាមួយ​នឹង​សេចក្តី​សង្ខេប​នៃ​សំណើពាក្យ​បណ្តឹង​ ឬសកម្មភាព​ផ្ទាល់​ដទៃ​ទៀត​របស់​សមាជិក​នៃស្ថាប័ន​សាធារណៈ​ និង​ការ​ឆ្លើយតប​របស់​ស្ថាប័ន​នោះ។​



ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514