ក្រសួងព័ត៌មានបានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជិតរួចរាល់ហើយ


ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2019​

ក្រសួងព័ត៌មានបានបើកកិច្ចប្រជុំអន្តរក្រសួងលើកទី៣ ដើម្បីពិភាក្សានិងកែសម្រួលខ្លឹមចំនុចមួយចំនួនលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលឈានទៅបញ្ចប់នៅពេលឆាប់ៗនេះ។

ឯកឧត្តម មាស សុភណ្ឌ័ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំអន្តរក្រសួងលើកទី៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមេសា បានប្រព្រឹត្តទៅក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង អ្នកជំនាញ ផ្នែកច្បាប់ មកពីក្រសួងពាក់ព័ន្ធនានា តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមវប្បធម៌ ដោយពិភាក្សាគ្នារកធាតុផ្សំអោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ តាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ពន្ធ័ នីមួយៗ និងស្របតាមស្ថានភាពនយោបាយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។















ឯកឧត្តមរដ្ឋលេខាធិកាបានបញ្ជាក់ថា មកដល់ពេលសេចក្តីព្រាងច្បាប់នេះបានដំណើរ ការទៅដោយរលូនហើយវាជាលទ្ធផលនៃការអភិវឌ្ឍក្របខណ្ឌគតិយុត្ត របស់រាជរដ្ឋាភិបាលដើម្បីគាំទ្រដល់គោលនយោបាយ នៃការធ្វើកំណែទម្រង់ប្រពន្ធ័រដ្ឋបាល និងអភិបាលកិច្ចល្អ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាម យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

”ឯកឧត្តម រដ្ឋមន្ត្រី លោកបានបញ្ជាក់ជូនគណៈកម្មការទី៥ នៃព្រឹទ្ធសភាដែលថា បច្ចុប្បន្ននេះសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានរបស់យើងនេះ គឺបានបញ្ចប់កិច្ចពិភាក្សានៅក្នុងកម្រិតបច្ចេកទេសហើយហើយក្រុមការងារបច្ចេកទេសដែលយើងពិភ្សានេះ គឺយើងបានអញ្ជើញពីតំណាងពាក់ព័ន្ធគ្រប់ភាគីទាំងអស់ទាំងភ្នាក់ងារក្រសួងស្ថាប័នមួយចំនួនរបស់រាជរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលមានអង្គការយូណេស្កូ ក៏ដូចជាការិយាល័យឧត្តមស្នង ការអង្គការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលរួមព្រមទាំងមានបណ្ដាតំណាងសង្គមស៊ីវិល តំណាងអ្នកសារព័ត៌មាន ចូលរួមនៅក្នុងក្រុមការងារបច្ចេកទេសនេះដែរហើយជាជំហានបន្តក្រសួងនឹងបន្តរៀបចំដឹកនាំនូវកិច្ចប្រជុំអន្តរក្រសួងដែលទទួលបានការអនុញ្ញាតពីសម្ដេចនាយករដ្ឋមន្ត្រីរួចហើយដើម្បីរៀបចំដឹកនាំការងារបន្តទាក់ទងទៅនឹងកិច្ចប្រជុំអន្តរក្រសួងរបស់យើងក៏ប៉ុន្តែនៅក្នុងដំណើរការនៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ក្នុងកិច្ចពិភ្សា អន្តរក្រសួងនេះយើងចែកចេញជា២ដំណាក់កាលដើម្បីពន្លឿននៅក្នុងការរក្សា ទៅលើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាននិងដំណាក់កាលទី១គឺយើងនឹងអញ្ជើញក្រសួងសំខាន់ៗដែលពាក់ព័ន្ធខ្លាំងទៅលើច្បាប់សិទ្ធិទទួលព័ត៌មាន បន្ទាប់ពីយើងបានពិភាក្សាជំហានទី១ហើយ គឺយើងនឹងបន្តទៅជំហានទី២ គឺយើងពិភាក្សារួមទាំងអស់គ្នាជាមួយក្រសួងទាំងអស់របស់រាជរដ្ឋាភិបាល ស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាល ការធ្វើ ជាពីរដំណាក់កាលនេះ គឺយើងបានពិភាក្សាជាមួយនឹងតំណាងក្រសួងយុត្តិធម៌ក៏ ដូចជាតំណាងក្រុមប្រឹក្សាអ្នកច្បាប់ដែលជាយន្តការមួយដែលអាចជួយពន្លឿននៅក្នុងការធ្វើឱ្យសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន នេះអាចបន្តទៅដំណើរការបានឆាប់រហ័សផងដែរ”។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន៩ជំពួក និង៣៨មាត្រានេះក្នុង គោលបំណង ដើម្បីបម្រើផលប្រយោជន៍ ដល់ការដោះស្រាយបណ្តឹង ស្តីពីការស្នើសុំព័ត៌មាន សម្រាប់បម្រើការងារ សាធារណៈ និងផ្លូវច្បាប់នានា។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះត្រូវបានរៀបចំតាក់តែងឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដោយប្រមូលផ្តុំ មតិយោបល់ពីគ្រប់ ផ្នែកពាក់ពន្ធ័ រួមទាំងអង្គការអន្តរជាតិ អង្គការសហប្រជាជាតិ ហើយក្នុងនោះក៏មានអង្គការយូណេសស្កូផងដែរ ដើម្បីឲ្យស្របតាមគំរូ ពីបណ្តាប្រទេសក្នុងអាស៊ាន ដែលមានលក្ខណៈ បើកទូលាយ៕