ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ១

ច្បាប់​នេះ​មានគោល​បំណង​ធានា​ឱ្យ​សាធារណជន​គ្រប់​រូប​នូវ​សិទិ្ធ​ សេរីភាព ​​ក្នុង​ការ​ទទួលបាន​​ព័ត៌មានពី​ស្ថាប័ន ​សាធារណៈ​ និង​តម្រូវ​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វ​កិច្ច​ផ្តល់​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ជាអតិបរមាជូន​សាធារណជន​​។

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ២

ច្បាប់នេះមានគោលដៅដូចតទៅ៖

- ជំរុញ ​និង​ធានា​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​កាតព្វកិច្ច​ផ្សព្វ​ផ្សាយ​ និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ឱ្យ​បាន​ទូលំទូលាយ​។​
-ធានា​ឱ្យ​មាន​ការចូល​រួម​ពី​សាធារណជន​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​កិច្ច​ និង​​វប្ប​ធម៌​របស់​ប្រទេសជាតិ។
-ផ្តល់ព័ត៌មាន​ជូន​សាធារណជន​ឱ្យ​មាន​ការ​យល់​ដឹង​អំពី​តួនាទី​ សកម្មភាព​ប្រតិបត្តិ​ការ​ និង​សេចក្តីសម្រេច​ទាំង​ឡាយ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជាណចក្រកម្ពុជា​ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ ​និង​ការ​ជឿជាក់​ពី​សាធារណជន​។​
-ជួយ​សាធារណជន​ក្នុង​ការ​តាម​ដាន​សកម្ម​ភាព​ការងារ​របស់​ស្ថាប័ន​សាធារណៈ​ ដើម្បី​ធានា​ថា​មូល​និធិ​​សាធារណៈ​ត្រូវ​បាន​ចំណាយ​តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​។​
-ជំរុញ​ការគ្រប់​គ្រង​ឯកសារ​ និង​ទិន្នន័យ​ផ្សេងៗ​របស់​ស្ថាប័ន​សាធារណៈ​ឱ្យ​បាន​ល្អ​ប្រសើ​រ​ ដើម្បី​កសាង​គោល​នយោបាយ​ក្នុង​ការ​ផ្តល់​សេវាជូន​សាធារណជន​។
-​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​គុណ​ភាព​ ប្រសិទ្ធ​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។​
-​កាត់​បន្ថយ​ព័ត៌មាន​សម្ងាត់​ឱ្យ​មាន​កម្រិត​ទាប​បំផុត​។​

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ៣

ច្បាប់​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រកម្ពុជា​ លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​​​។​

មតិយោបល / Comments
ជំពូកទី ១ - បទបញ្ញត្តិទូទៅ - មាត្រា ៤

វាក្យ​សព្ទបច្ចេកទេស​​ដែល​ប្រើ​នៅក្នុង​ច្បាប់​នេះ​ មាន​និយ​​ម​ន័យ​ដូច​តទៅ៖

ព័ត៌មាន​ សំដៅ​ដល់​ឯកសារផ្លូវ​ការ​គ្រប់​ប្រភេទ​ និង​គ្រប់​ទម្រង់​ដែល​កាន់​កាប់​ដោយ​ស្ថាប័ន​សាធារណៈ។

ព័ត៌មានសាធារណៈ​ សំដៅដល់​ព័ត៌មាន​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ដឹង​ឮយ៉ាង​ទូលំទូលាយ​។

ព័ត៌មាន​សម្ងាត់​ សំដៅ​ដល់​ព័ត៌មាន​ដែល​ស្ថាប័ន​សាធារណៈ​មិនអាច​ផ្តល់​ជូន​សាធារណជន​បាន​។

មន្ត្រី សំដៅដល់​បុគ្គល​ដែល​​​បំពេញ​តួនាទី​ក្នុង​ស្ថាប័ន​សាធារណៈ​។​

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ សំដៅដល់​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ស្ថាប័ន​សាធារណៈមាន​ភារកិច្ចគ្រប់​គ្រង​ និង​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​។​

​អង្គភាពព័ត៌មាន​ សំដៅដល់​កន្លែង​គ្រប់​គ្រង និង​ផ្តល់​ព័ត៌មាន​ដល់​សាធារណជន​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​សាធារណៈ​។

ស្ថាប័ន​សាធារណៈ សំដៅដល់​ក្រសួង​ ស្ថាប័ន​រដ្ឋ​ ឬ​អង្គភាព​ដទៃ​ទៀត​ដែល​អនុវត្ត​នូវ​មុខងារ​សាធារណៈ​​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិ ដែល​បង្កើត​ឡើង​ដោយ​បទប្បញ្ញត្តិ​ច្បាប់​ និ​ង//ឬ លិខិត​បទដ្ឋាន​គតិយុត្ត​ដទៃទៀត​។

អ្នក​ស្នើ​សុំ​ព័ត៌មាន សំដៅដល់​រូប​វន្ត​បុគ្គល​ ឬនីតិបុគ្គល​ដែល​បាន​ធ្វើ​សំណើ​សុំ​ព័ត៌មាន។​

រដ្ឋបាល​ថ្នាក់​ជាតិ​ សំដៅ​ដល់​ក្រសួង​ ស្ថាប័ន​ ឬ​អង្គភាព​សាធារណៈប្រហាក់​ប្រហែល​។

រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ សំដៅ​ដល់​រាជធានី-ខេត្ត​-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់​ ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រុម​ប្រឹក្សា​នីមួយៗ។

ប្រឆាំង​នឹង​ការអនុវត្តការងារសាធារណៈ សំដៅដល់​អំពើ​ប្រឆាំង​ដោយ​ហិង្សាទៅ​លើ​ការ​អនុវត្ត​ការងារសាធារណៈ​ ឬ​ការងារ​ដែល​មាន​ប្រយោជន៍​ជាសាធារណៈ។​

អញ្ញត្រកម្ម​ សំដៅដល់​ការលើកលែង​ព័ត៌មាន​មួយផ្នែក​ ឬ​ផ្នែក​ណាមួយ​នៅ​ក្នុង​សំណៅ​ឯកសារ​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​។​

សន្តតិកម្ម សំដៅ​ដល់​ការ​ផ្ទេរនូវ​សិទិ្ធ ​និង​ករណីយកិច្ច​របស់​មតកជន​ទៅ​ឱ្យ​សន្តតិជន​ម្នាក់​ ឬច្រើន​នាក់​តាម​ឆន្ទៈ ឬតាម​ច្បាប់​។

មតិយោបល / Comments
ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៥

បុគ្គល​គ្រប់​រូប​មាន​សិទិ្ធ​ សេរីភាព​ក្នុង​ការទទួល​​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ដែល​ស្ថិតនៅ​​ក្រោមបទប្ប​ញ្ញត្តិ​ នៃ​ច្បាប់​នេះ​។​

មតិយោបល / Comments
ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៦

គ្រប់​ស្ថាប័ន​សាធារណៈ​ទាំង​អស់​ត្រូវ​គោរព​គោល​ការណ៍​នៃ​ការ​លាត​ត្រដាង​ព័ត៌មានជាអតិបរមា។​ ដើម្បីសម្រេច​គោល​ដៅ​នេះ​ ស្ថាប័នទាំង​នោះ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​កម្ម​ជាប្រចាំ​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយជាសាធារណៈ​​ដូច​ខាង​ក្រោម​៖

១- ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិទៅ​របស់​ស្ថាប័ន​សាធារណៈ​នានា​រួម​ទាំង​សកម្មភាព​ការងារ​ ព្រម​ទាំង​សមិទ្ធផល​ទាំង​ឡាយ​ដែល​សម្រេចបាន។​

២-​ ផែន​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ផែន​ការ​អភិវឌ្ឍលើគ្រប់​វិស័យ​របស់​ស្ថាប័ន​សាធារណៈ។

៣- ព័ត៌មាន​លម្អិត​អំពី​យន្ត​ការ​សេវា​រួម​ទាំង​តារាង​តម្លៃ​សេវា​​នានា ​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្តល់​ជូន​សាធារណជន​។​

៤- ច្បាប់​ បទដ្ឋាន​គតិយុត្ត គោល​នយោបាយ​ សេចក្តី​សម្រេច​នានា និង​ភារកិច្ច​របស់​ស្ថាប័ន​សាធារណៈ​ដែល​ទាក់​ទង​នឹង​សិទិ្ធ​ សេរីភាព​ កាតព្វ​កិច្ច​ និង​ផល​ប្រយោជន៍​របស់​សាធារណជន​។

៥- គ្រប់​ទិដ្ឋភាព​នៃ​ដំណើរការរបស់​ស្ថាប័ន​សាធារណៈ​ និង​នីតិវិធី​​​របស់​តុលាការ​រួម​ទាំង​កិច្ចការ​រដ្ឋបាល​ដែល​មាន​ផល​ប្រយោជន៍​ និង​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​សាធារណជន​ លើកលែង​​​ដំណើរការ​នីតិវិធី ឬបទ​ប្បញ្ញត្តិ​មួយ​ចំនួន ​ដែលស្ថិតនៅក្នងបទប្បញ្ញត្តិ​ហាមឃាត់។

៦- គម្រោង​ថវិកាប្រចាំឆ្នាំ​របស់​ខ្លួន​ដែល​ភ្ជាប់​ជាមួយ​នឹង​សេចក្តីលម្អិត​ព័ត៌មា​ន​អំពី​ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​នាពេល​បច្ចប្បន្ន និង​សវនកម្មគណនី​​នៃ​ហិរញ្ញវត្ថុ​ឆ្នាំ​មុន។​

៧- សំណើផ្លូវ​ការ​ ឬ​យន្ត​ការ​បណ្តឹងសម្រាប់​សាធារណជន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សកម្មភាព​ ឬ​ខក​ខាន​មិន​ធ្វើ​សកម្មភាព​ដោយ​ស្ថាប័ន​សាធារណៈ​នោះ​រួម​ជាមួយ​នឹង​សេចក្តី​សង្ខេប​នៃ​សំណើពាក្យ​បណ្តឹង​ ឬសកម្មភាព​ផ្ទាល់​ដទៃ​ទៀត​របស់​សមាជិក​នៃស្ថាប័ន​សាធារណៈ​ និង​ការ​ឆ្លើយតប​របស់​ស្ថាប័ន​នោះ។​

មតិយោបល / Comments
ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៧

គ្រប់​ស្ថាប័ន​សាធារណៈទាំងអស់​ ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ព្រមទាំង​បើក​ទូលាយ​ក្នុង​ការផ្តល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណជន​តាម​ការ​ស្នើ​សុំ​ដោយ​គ្មាន​ការរើសអើង​ ​ លើកលែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តិហាមឃាត់។

ក្នុង​ករណី​ផល​ប្រយោជន៍​សាធារណៈ​ធំជាង​ការ​រក្សាទុក​ព័ត៌មាន​សម្ងាត់​ដូច​មាន​ចែង​ក្នុងបទប្បញ្ញត្តិ​ហាមឃាត់​ ព័ត៌មាន​សម្ងាត់​នោះ​ត្រូវ​តែ​ផ្តល់​ជូន​សាធារណជន​ប្រើ​ប្រាស់​តាម​ការ​ស្នើ​សុំ​។

មតិយោបល / Comments
ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៨

ស្ថាប័ន​សាធារណៈ​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ដូច​តទៅ៖

១- ត្រូវ​មាន​​អង្គភាព​​ព័ត៌មាន​នៅតាម​ស្ថាប័ន​នីមួយៗទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិ​ដោយមានការ ​​គាំទ្រផ្នែក​ហិរញ្ញវត្ថុ​ សម្ភារៈ និង​មធ្យោបាយ​សមស្របក្នុង​ក្របខណ្ឌថវិការបស់​ក្រសួង​ ស្ថាប័នសាមី​នីមួយៗ​​ដល់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ ដើម្បី​សម្រួល​ដល់ការ​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ដោយ​ប្រសិទ្ធភាព​។​ ការរៀបចំ ​និង​ការប្រព្រឹត្តិទៅនៃ​អង្គភាព​ព័ត៌មាន ​​ត្រូវ​ស្រប​តាម​បទប្បញ្ញត្តិជាធរមាន។​​

២- បណ្តុះបណ្តាល​មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​ឱ្យ​មាន​សមត្ថភាព​ជំនាញ​អំពី​សិទិ្ធ​ទទួល​ព័ត៌មាន​ ដើម្បី​អនុវត្ត​ច្បាប់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​។​

៣- ជំរុញ​អង្គភាព​ជំនាញ​ចំណុះឱ្យ​ស្ថាប័ន​សាមី​ត្រូវ​សហការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ស្រាវជ្រាវ​រក​ព័ត៌មាន និង​ផ្តល់​ព័ត៌មាន​​។​

មតិយោបល / Comments
ជំពូកទី ២ - សិទិ្ធ​និង​កាតព្វ​កិច្ច​នៃ​ការទទួល​និង​ផ្តល់​ព័ត៌មាន​ - មាត្រា ៩

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ មាន​ភារកិច្ច​ដូចតទៅ៖

១- អាចជាអ្នក​នាំពាក្យ​ឱ្យ​ស្ថាប័ន​ដែល​សាមីខ្លួន​កំពុង​បំពេញ​ភារកិច្ច​ ដើម្បី​ឆ្លើយ​តប​ទៅ​សាធារណជន​។

២- ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រធាន​ស្ថាប័ន​ក្នុង​ការផ្តល់ព័ត៌មាន​គ្រប់​ប្រភេទ​ជូន​សាធារណជន​។

៣- ជាអ្នក​សម្រប​សម្រួល​កណ្តាល​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​ និង​ទំនាក់​ទំនង​ជាមួយ​សាធារណជន​សម្រាប់​ទទួល​សំណើ​សុំ​ព័ត៌មាន​ពី​សាធារណជន​។​

៤- សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់​អង្គភាព​ជំនាញ​ចំណុះ​ឱ្យ​ស្ថាប័ន​របស់​ខ្លួន​ ដើម្បី​ស្រាវជ្រាវ​ប្រមូល​ចងក្រង​ឯកសារ​រក្សាទុក​ និង​ជួយ​រក​ឯកសារ​កំណត់​ត្រា​ដែល​ជា​កម្ម​វត្ថុ​របស់​អ្នក​ស្នើសុំ​។

៥- ជួយ​សម្រួល​ដល់​បុគ្គល​គ្រប់​រូប​ដែល​ស្នើ​សុំ​ព័ត៌មាន​រាប់​បញ្ចូល​ទាំង​ជំនួយ​ក្នុង​ការ​រៀប​ចំ​បែប​បទ​ស្នើ​សុំ​ព័ត៌មាន​ ព្រម​ទាំង​នីតិវិធីផ្សេង​ទៀត​ដែល​កំណត់​ក្នុង​ច្បាប់​នេះ​។​

៦- សហការជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​ស្ថាប័ន​របស់ខ្លួន ​ដើម្បី​កំណត់​ថា​ព័ត៌មាន​ណា​ស្ថិត​ក្នុង​ក្របខណ្ឌ​ព័ត៌មាន​សម្ងាត់​ ឬ​សំណៅ​ឯកសារណា​ទទួល​ ឬ​មិនទទួល​អញ្ញត្រកម្ម​។

៧- ជាអ្នក​រៀប​ចំ​ផែនការទំនាក់​ទំនង​ព័ត៌មាន​ និង​ផ្សព្វ​ផ្សាយ​ជាសាធារណៈ​អំពី​ការអនុវត្ត​តួនាទី​ ភារកិច្ច និង​លទ្ធផល​ការងារដែល​ស្ថាប័នសាធារណៈ​សម្រេច​បាន​។​

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១០

បុគ្គល​គ្រប់​រូប​ទោះ​ជារូបវន្ត​បុគ្គល​ ឬ​នីតិបុគ្គល​មាន​សិទិ្ធ​ស្នើ​សុំ​ព័ត៌មាន​​​ពី​ស្ថាប័ន​សាធារណៈ ​ដោយ​គ្មាន​ការ​រើស​អើង​។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១១

ការស្នើ​សុំ​ព័ត៌មាន​ត្រូវ​ធ្វើ​ឡើង​ជាលាយ​លក្ខណ៍អក្សរ​ដោយ​បញ្ជាក់​លម្អិត​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ព័ត៌មាន​ និងទម្រង់​ព័ត៌មាន​ដែល​ត្រូវ​ស្នើ​សុំ​ទៅ​ស្ថាប័ន​សាធារណៈ​។​
នីតិវិធី ​និង​ទម្រង់​បែប​បទ​នៃ​ការស្នើ​សុំ​ព័ត៌មាន​ត្រូវ​បាន​កំណត់​ដូច​តទៅ៖

១-​ ទម្រង់​បែប​បទ​ស្នើ​សុំ​ព័ត៌មាន​៖

ក-​ ឈ្មោះ​ ភេទ​ អាយុ សញ្ជាតិ​ មុខរបរ

ខ- អាសយដ្ឋាន​ស្នាក់​នៅ​បច្ចុប្បន្ន និង​/ឬ អាសយដ្ឋានអេឡិចត្រូនិក (ប្រសិនបើ​មាន​)

គ- បញ្ជី​ឈ្មោះ​ព័ត៌មាន​លម្អិត​ដែល​ត្រូវ​ស្នើសុំ​។

២- អ្នក​ស្នើ​សុំដែល​គ្មាន​លទ្ធភាព​បំពេញ​ទម្រង់​បែបបទ​ខ្លួន​ឯង​ ដោយសារ​អនក្ខរភាព​ ឬ​ពិការភាព​ សាមីខ្លួន​អាច​ធ្វើ​ការ​ស្នើ​សុំ​ព័ត៌មាន​ដោយ​ផ្ទាល់​មាត់​។​ មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ដែល​បាន​ទទួល​សំណើ​សុំ​ហើយ ត្រូវ​ជួយ​បំពេញ​បែប​បទ​ព័ត៌មាន​ជាលាយលក្ខណ៍​អក្សរ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ការស្នើ​សុំ​ដោយ​ឥតគិត​ថ្លៃ​ ហើយ​ត្រូវ​ដាក់​ឈ្មោះ​មន្ត្រីដែល​បាន​បំពេញ​ភារកិច្ច​នេះ​នៅ​ក្នុង​សេចក្តីថត​ចម្លង​ និង​បង្កាន់​ដៃ​របស់​អ្នក​ស្នើ​សុំ​។​

៣- អ្នក​ស្នើ​សុំ​អាច​ប្រគល់​សំណើ​សុំ​ព័ត៌មាន​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​ផ្ទាល់​ដៃ​ ឬ​តាម​រយៈ​តំណាង​ស្រប​ច្បាប់​ទៅ​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ ឬ​អាច​ផ្ញើ​តាម​រយៈ​ប្រៃសណីយ៍ ឬសារអេឡិចត្រូនិក​​ទៅ​កាន់​ស្ថាប័ន​សាធារណៈ​ដែល​កាន់​កាប់​ព័ត៌មាន​នោះ​។​

៤- មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ដែល​បាន​ទទួល​ការ​ស្នើ​សុំ​ព័ត៌មាន​ត្រូវ​ចុះ​បញ្ជី​ និង​ចេញ​នូវ​បង្កាន់​ដៃ​បញ្ជាក់​ឱ្យ​អ្នក​ដែល​បាន​ស្នើ​សុំ​នោះ​។​

៥- អ្នក​ស្នើ​សុំ​ត្រូវ​ទទួល​យក​បង្កាន់​ដៃសំអាង​ពី​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​បន្ទាប់ ​ពី​បាន​ប្រគល់​សំណើរួច​។​ ចំពោះ​អ្នក​ស្នើ​សុំ​តាម​រយៈប្រៃសណីយ៍ ឬ​សារអេឡិចត្រូនិក បង្កាន់​ដៃសំអាង​ត្រូវ​ផ្តល់​ជូន​តាម​ប្រភេទ​មធ្យោបាយ​ដែល​ស្នើ​សុំ​។​

៦- មន្ត្រី​ស្ថាប័ន​សាធារណៈ​ដែល​ទទួល​បាន​សំណើ​សុំ​ព័ត៌មាន​ហើយ​ត្រូវ​បញ្ជូន​សំណើ​នោះ​ទៅ​កាន់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ (ម្ភៃបួនម៉ោង) ​នៃ​ថ្ងៃធ្វើការ​។​

៧- ប្រសិនបើ​សំណើ​សុំ​ព័ត៌មានមិនចំស្ថាប័ន​មាន​សមត្ថកិច្ច​កាន់​កាប់​ព័ត៌មាន មន្ត្រី​ទទួល​បន្ទុក​ព័ត៌មានត្រូវ​បញ្ជូន​សំណើ​នោះ​ត្រឡប់​ទៅ​អ្នក​ស្នើ​សុំ​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ និង​ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​អំពី​ស្ថាប័ន​ដែល​កំពុង​កាន់​កាប់​ព័ត៌មាន​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សំណើ​នោះ​។​

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១២

​មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​​ត្រូវ​ផ្តល់​ព័ត៌មាន​ច្បាស់​លាស់​ទៅ​តាម​ប្រភេទ​ និង​ទម្រង់​ព័ត៌មាន​របស់​អ្នក​ស្នើសុំ​ជាអាទិ៍៖

១- ច្បាប់​ថត​ចម្លង​សំណៅ​ព័ត៌មាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ដើម​។

២- ការ​ថត​ចម្លង​សំណៅ​ព័ត៌មាន​អាចជាអក្សរ​ សំឡេង​ រូប​ភាព​ កាសែត​វីដេអូ​​ ថាស​ ឬជាទម្រង់​ផ្សេងៗទៀត​។

៣- សំណៅ​ជាទម្រង់​កូដ​ អក្សរកាត់​ អក្សរស្ទាប ឬ​ទម្រង់​ជាសញ្ញាផ្សេងៗទៀត​។

៤- ក្នុង​ករណី​ការស្នើ​សុំ​ព័ត៌មាន​ច្រើន​ភាសា ស្ថាប័ន​សាធារណៈ​អាចផ្តល់​ជូន​អ្នក​ស្នើ​សុំ​ជា​ភាសាខ្មែរ​ ឬភាសាតាម​ទម្រង់​ដើម​នៃ​ព័ត៌មាន​នោះ​។

៥- ក្នុង​ករណី​សំណៅឯកសារព័ត៌មាន​ដែល​ត្រូវ​ផ្តល់​ជូន​ស្ថិត​ក្នុង​សភាព​ផុយ​ស្រួយ ការទទួល​បាន​ព័ត៌មាន​ប្រភេទ​នេះ​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន​។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៣

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ឱ្យ​បាន​ឆាប់​បំផុត​ ​ហើយ​ត្រូវ​ធ្វើ​ការ​ឆ្លើយ​តប​ជា​លាយ​លក្ខ​ណ៍​អក្សរ​ទៅ​អ្នក​ស្នើ​សុំ​ថា​មាន​ ឬគ្មាន​ព័ត៌មាន​នោះ​ ឬ​ជាប្រភេទ​ព័ត៌មាន​សម្ងាត់​ដែល​​ហាមឃាត់​ការ​លាត​ត្រដាង​ជាសាធារណៈ​ដោយ​ប្បញ្ញត្តិ​ច្បាប់​។​ ការ​ឆ្លើយ​តប​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ឱ្យ​លើ​សពី​៥​ (ប្រាំ) ​ថ្ងៃនៃ​ថ្ងៃធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃទទួល​បាន​សំណើ​សុំ​។​

ការ​ឆ្លើយ​តប​ជាវិជ្ជមាន​ត្រូវ​បញ្ជាក់​អំពី​តម្លៃសេវា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ទទួល​បាន​ព័ត៌មាន​នៅក្នុង​លិខិត​នោះ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៤

ស្ថាប័នសាធារណៈត្រូវផ្តល់ព័ត៌មានដល់អ្នកស្នើសុំដូចតទៅ៖

១- ផ្តល់ព័ត៌មាន​ជូន​អ្នក​ស្នើ​សុំ​ក្នុង​រយៈ​ពេល១៥​ (ដប់ប្រាំ) ​ថ្ងៃ​នៃ​ថ្ងៃធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃទទួល​បាន​ការ​ឆ្លើយ​តប​ជាផ្លូវ​ការពី​អ្នក​ស្នើ​សុំ​ថា ​ឯកភាព​ទទួល​យក​តម្លៃ​សេវា​ដូច​បាន​បញ្ជាក់​ក្នុង​មាត្រា​១៣​ នៃ​ច្បាប់​នេះ​។​

២-ប្រសិន​បើ​ការ​ផ្តល់​ព័ត៌មាន​មិនអាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល​ដែល​បាន​កំណត់​នៅ​ចំណុចទី​១​ ស្ថាប័ន ​សាធារណៈ​អាចធ្វើ​ការពន្យារពេល​បន្តទៀត​មិនឱ្យ​លើស​រយៈ​ពេល​៤០ (​សែសិប) ថ្ងៃនៃ​ថ្ងៃធ្វើការ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​សំណើ​សុំ ​ដោយ​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការពន្យារ​ពេល​នេះ​ជាលាយ​លក្ខណ៍​អក្ស​រ​ទៅ​អ្នក​ស្នើ​សុំ​ព័ត៌មាន​វិញ​​។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៥

ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ស្នើ​សុំ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដូច​តទៅ៖​

១- ព័ត៌មាន​ដែល​ស្ថិ​ត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ នៃ​ច្បាប់​នេះ។​

២- អ្នក​ស្នើ​សុំ​មិនព្រម​បំពេញ​បែប​បទ​ស្នើ​សុំ​ឱ្យ​បាន​ពេញ​លេញ​ដូច​មាន​ចែង​ក្នុង​មាត្រា​១១​ នៃ​ច្បាប់​នេះ​។

៣-​ អ្នកស្នើ​សុំ​ប្រឆាំង​នឹង​ការអនុវត្ត​ការងារ​របស់​ស្ថាប័​ន​សាធារណៈ​ និង/ឬ មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន។​

៤- ស្ថាប័ន​សាធារណៈ​ទើប​នឹងបាន​ផ្តល់​ព័ត៌មានដដែល​ឱ្យ​​អ្នក​ស្នើ​សុំ​រួច​ហើយ​ក្នុង​រយៈពេល​៤០ (សែសិប)​ ថ្ងៃ។​

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៦

អ្នក​ស្នើ​សុំ​ដែល​ត្រូវ​បាន​ស្ថាប័ន​សាធារណៈ​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដោយ​មូល​ហេតុ​ច្បាស់​លាស់​ ដូច​មាន​​ចែង​ក្នុង​មាត្រា​១១​ និង​មាត្រា​១៥​ នៃ​ច្បាប់​នេះ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឡើង​វិញ​។​
ប្រសិន​បើ​ស្ថាប័ន​សាធារណៈ​មិនបាន​ផ្តល់​ព័ត៌មាន​ក្នុង​រយៈ​ពេល​កំណត់​ដូច​មាន​ចែង​ក្នុង​មាត្រា​១៤​ នៃ​ច្បាប់​នេះ​ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់​លាស់ជាលាយលក្ខណ៍អក្សរ​ អ្នក​ស្នើ​សុំ​អាច​ប្តឹង​តវ៉ា​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ចដូច​មាន​ចែង​ក្នុង​មាត្រា​២៦​ នៃ​ច្បាប់​នេះ​។​

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៧

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ត្រូវ​ពិនិត្យ​សំណើ​សុំ​ព័ត៌មាន​ដែល​ស្ថិត​ក្នុង​អញ្ញត្រ​កម្ម ​រួច​ធ្វើ​ការ​បែង​ចែកផ្នែក​ព័ត៌មាន​ដែល​មិនស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​ដើម្បី​ផ្តល់​ជូន​អ្នក​ស្នើ​សុំ​ដូច​ខាង​ក្រោម៖​

១- ផ្នែក​ណា​មួយ​នៃ​សំណៅ​ឯកសារព័ត៌មាន​សម្ងាត់​ដែល​មិនស្ថិត​ក្នុង​បទប្បញ្ញត្តិ​ហាម​ឃាត់​ ដោយ​ត្រូវ ​បញ្ជាក់​អំពី​បទប្បញ្ញត្តិ​ច្បាប់​ជាក់​លាក់​ដែល​​តម្រូវ​ឱ្យ​កាត់​ចេញ​ និង​ត្រូវ​ជូន​ដំណឹង​អំពី​សិទ្ធិ​ប្តឹង​ជំទាស់​ដល់​អ្នក​ស្នើ​សុំ​ដូច​មាន​ចែង​ក្នុង​មាត្រា២៦​ នៃ​ច្បាប់​នេះ​។​

២- សំណៅ​ឯកសារមុន​អស់​សុពល​ភាព​ស្រប​តាម​ច្បាប់​កំណត់​ដែ​ល​សាមី​ខ្លួន​ ឬ​ក្រសួង​ ស្ថាប័ន​សាធារណៈ ​យល់​ព្រម​ផ្តល់​ឱ្យ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៨

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​ស្ថាប័ន​សាធារណៈ ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការបំពេញ​ភារកិច្ចដូច​មាន​ចែង​ក្នុង​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ និង​មិន​ត្រូវ​បង្ក​ឧប​សគ្គក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​សាធារណជន ​ដោយ​សំអាង​លើ​ហេតុ​ផល​អញ្ញត្រកម្ម​ដូច​មាន​ចែង​ក្នុង​មាត្រា​១៥ មាត្រា​១៧ និង​មាត្រា២០​ នៃ​ច្បាប់​នេះ។​

មតិយោបល / Comments
ជំពូកទី ៣ - នីតិវិធីស្នើសុំនិងផ្តល់ព័ត៌មាន - មាត្រា ១៩

ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្តល់​ព័ត៌មាន​ជូន​អ្នក​ស្នើ​សុំ​ព័ត៌មាន​ដូច​តទៅ៖

១- ការ​ផ្តល់​ព័ត៌មាន ​និង​សេវាក្នុង​ការ​រៀប​ចំ​ទម្រង់​បែប​បទ​ស្នើ​សុំ​ព័ត៌មាន​ដោយ​ពុំ​គិត​ថ្លៃ។

២- ផ្តល់​សំណៅ​ឯកសារ​ថត​ចម្លង​ជាលាយ​លក្ខណ៍​អក្សរ​ សំឡេង​ រូប​ភាព​តាម​ទម្រង់​ផ្សេងៗត្រូវ​កំណត់​យក​ថ្លៃ​សេវា​ដោយ​ប្រកាសរួម​រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​​និងរដ្ឋមន្ត្រី​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ។​

ចំពោះ​ការ​បញ្ជូន​ឯកសារ​តាម​ប្រៃសណីយ៍ ​ត្រូវ​កំណត់​តាម​តម្លៃជាក់​ស្តែង​។

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២០

ស្ថាប័ន​សាធារណៈ​អាច​បដិសេធផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ ប្រសិនបើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្តាល​ឱ្យ​អន្តរាយ និង​ប៉ះ​ពាល់​ដល់​វិស័យ​សាធារណៈ និង​ឯកជន​ដូច​ខាង​ក្រោម​នេះ៖ ​​

១- ព័ត៌មាន​បណ្តាលឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ​ និង​សន្តិសុខជាតិ​៖

ក- ផែន​ការ​យុទ្ធសាស្ត្រជាតិ​ដែល​ទាក់​ទង​នឹង​​វិស័យ​ការពារជាតិ​ និង​សន្តិសុខជាតិ​ ផែន​ការទប់​ទល់​ការ​ឈ្លាន​ពាន​ទឹក​ដី​ពី​រដ្ឋ​បរទេស​ ការ​នាំចូល​ ការ​ផលិត​ ការរក្សាទុក​ និង​ការប្រើ​ប្រាស់​គ្រឿង​សព្វាវុធគ្រប់​ប្រភេទ។​

ខ- ទាក់​ទង​នឹង​យុទ្ធសាស្ត្រ​ការស៊ើប​ការណ៍​ ប្រតិបត្តិការ យុទ្ធវិធី​ ក្បួន​ប្រយុទ្ធដែល​ពាក់​ព័ន្ធនឹង​ការការពារជាតិ​។

គ- តួលេខ​ យុទ្ធសាស្ត្ររៀប​ចំ​ពង្រាយ​កម្លាំង ​និង​សមត្ថភាព​ការពារជាតិ ​និង​ការ​ប្រព្រឹត្តទៅ​នៃ​ប្រព័ន្ធ​ការពារជាតិ​​​ គម្រោង​ការអភិវឌ្ឍយុទ្ធោបករណ៍ និង​យោធបរិក្ខារវិស័យ​ការពារជាតិ​។

ឃ- រូប​ភាព ​ទិន្នន័យ ​និង​ផែន​ទី​ដែល​ទាក់​ទង​នឹង​មូលដ្ឋាន​យោធា​ និង/ឬ​ ស្ថានភាព​លក្ខណៈទីតាំង​​យុទ្ធសាស្រ្តយោធា ទីតាំង​មូល​ដ្ឋាន​រក្សាទុក​ ឬទី​តាំង​ផលិត​អាវុធយុទ្ធភ័ណ្ឌ សំណង់​អគារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​យោធា​។

ង- ទិន្នន័យ​សម្ងាត់​យោធា​ ឬ​ព័ត៌មាន​អំពីសមត្ថភាព​ការពារជាតិ​របស់​រដ្ឋ​បរទេស​ដែល​បង្ហាញ​ថា​រដ្ឋបរទេស​នោះ​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​អធិបតេយ្យ​ភាព​នៃព្រះ​រាជាណាចក្រកម្ពុជា។​

ច- ទិន្នន័យ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ សហប្រតិបត្តិ​ការ​យោធាជាមួយ​នឹង​រដ្ឋបរទេស​​ដែល​បាន​ព្រម​ព្រៀង​គ្នា​ថា​ជា​ការ​សម្ងាត់​រដ្ឋ​។​

ឆ- ប្រព័ន្ធ​កូដសម្ងាត់​រដ្ឋ​ និង​/ឬ ប្រព័ន្ធ​ស៊ើប​ការណ៍​សម្ងាត់​រដ្ឋ​។

២- ​ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស​ ឬ​អន្តរជាតិ​៖

ក- ជំហរ​ សមត្ថភាព​ចរចា និង​ផែន​ការ​យុទ្ធសាស្ត្រ​សម្ងាត់​ដែល​រដ្ឋ​នឹង​យក​ទៅ​ចរចា ឬ​ទទួល​យក​លទ្ធផល ​នៃ​កា​រ​ចរចាជាមួយ​រដ្ឋ​បរទេស​​ ឬ​អន្តរជាតិ​។

ខ- ការទំនាក់​ទំនង​ ឬ​ការឆ្លើយ​ឆ្លង​ជាការ​សម្ងាត់​ខាង​ការទូត​ជាមួយ​រដ្ឋ​បរទេស​ ឬ​អន្តរជាតិ​។​

គ- រាល់​ប្រព័ន្ធ​គមនាគមន៍​ដាក់​កូដ​សម្ងាត់​សម្រាប់​ប្រើ​ប្រាស់​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​រដ្ឋបរទេស​ ឬ​អន្តរជាតិ​។​

ឃ-ការការពារ​សន្តិសុខ ​ ទី​តាំង​កងកម្លាំង​រក្សាសន្តិសុខ​ និងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៅ​បរទេស ​របស់​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិ​ការ​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជាជាតិ​។​

៣- ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុជាតិ៖​

ក- គម្រោង​ផែន​ការ​ដាក់​លក់​ ឬ​ទិញ​រូបិយប័ណ្ណបរទេស​ ឬរូបិយវត្ថុ​ជាតិ​ ភាគ​ហ៊ុន និង​ទ្រព្យ​សម្បត្តិ​ជាសារវន្ត​របស់​រដ្ឋ។

ខ-​ គម្រោង​ផែន​ការ​កែសម្រួល​អត្រា​ប្តូរ​រូបិយប័ណ្ណ​បរទេស​ កម្ចី​រដ្ឋាភិបាល​ កំណែទម្រង់ពន្ធ​ អត្រា​ពន្ធ​ ឬ​ចំណូល​របស់​រដ្ឋ។​

គ- គម្រោង​ផែន​ការ​ទិញ-លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ឬ​គម្រោង​ផែន​ការ​វិនិយោគ​បរទេស​។

ឃ- ​ការ​សម្ងាត់​វិជ្ជាជីវៈធនាគារ​ និង​ហិរញ្ញវត្ថុ​។

ង- ទិន្នន័យ​សម្ងាត់​ ឬ​ព័ត៌មាន​សម្ងាត់​ដែល​ធ្វើ​ឱ្យ​រដ្ឋបាត់​បង់​ផល​ប្រយោជន៍សេដ្ឋកិច្ច។

៤- ព័ត៌មាន​ដែល​ការបញ្ចេញ​នេះ​បណ្តាល​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ការអនុវត្ត​ច្បាប់ ​និង​ការសម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត​៖

ក- រាំង​ស្ទះ​ដល់​ដំណើរការស៊ើប​អង្កេត​របស់​មន្ត្រី​មាន​សមត្ថកិច្ច​លើ​ករណី​បទល្មើសព្រហ្ម​ទណ្ឌ​។​

ខ-បង្ហាញ​អត្តសញ្ញាណ​របស់​អ្នក​រាយ​ការណ៍​ សាក្សី និង​/ឬ ជន​រងគ្រោះ​ដែល​ស្ថិត​ក្នុង​វិធានការការពារ​​ដែល​បាន​ដឹង​ពី​សកម្មភាព​នៃ​ការ​ប្រព្រឹត្តបទល្មើស​។

គ- ខូ​ចខាត​ដល់​ឧបករណ៍ សម្ភារ បរិក្ខា​រ​ និង/ឬ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​អនុវត្ត​ច្បាប់​។​

ឃ- បង្កគ្រោះ​ថ្នាក់​ដល់​សុវត្ថិភាព​ និង​/ឬ​ អាយុជីវិត​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ ឬ​សមាជិក​ក្រុម​គ្រួសាររបស់​ពួក​គេ​។

ង- ​រាំង​ស្ទះដល់​ការ​ស៊ើប​អង្កេត​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​នៃ​ការ​ប្រព្រឹត្ត បទ​​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​​។

៥- ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​៖​

ក- ព័ត៌មាន​អំពី​ប្រវត្តិ​ស្ថានភាព​ខាងវេជ្ជសាស្ត្រ ​និង​វិធី​សាស្ត្រព្យាបាល​សុខភាព​ផ្លូ​វកាយ​ និង​ផ្លូវ​ចិត្តរបស់​បុគ្គល​ឯកជន​។​

ខ- ព័ត៌មាន​ដែល​បង្ហាញ​ពីការវាយ​តម្លៃ​ផ្នែក​កាយ​សម្បទា បញ្ញា កំណត់​ត្រា​អប់​រំ​ផ្លូវ​ចិត្ត​របស់​បុគ្គល​ឯកជន។

គ- ព័ត៌មាន​ដែល​ទាក់​ទង​នឹង​សន្តតិកម្ម​មាន​បណ្តាំ​ ឬ​សន្តតិកម្ម​តាម​ច្បាប់​។

ឃ-ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ ឬ​ឈ្មោះ​របស់​ភាគី​ណាមួយ​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​ពាក់​ព័ន្ធ​នឹង​បិតុភាព​/មាតុភាព​ អាពាហ៍​ពិពាហ៍​ ការលែង​លះ​ ឬ​សិទិ្ធ​គ្រប់​គ្រង​កូន​។​

ង-​ ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​អនីតិជន​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​ ឬ​គ្រោះ​ថ្នាក់​ជាយថាហេតុ​​និង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត​។​ ច- ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ក្នុង​រឿង​ក្តី​រំលោភសេពសន្ថវៈ។ ឆ-​ ព័ត៌មាន​ដែល​បង្ហាញពី​ស្ថានភាព​ហិរញ្ញវត្ថុ​ទ្រព្យ​សម្បត្តិ​ ប្រាក់​ចំណូល​ និង​គណនី​ធនាគារ​របស់​បុគ្គល ​ឯកជន​ លើកលែង​តែ​មាន​បទប្បញ្ញត្តិ​ចែង​ផ្សេងពី​នេះ​។​ ជ- ព័ត៌មាន​ដែល​បង្ហាញ​អំពី​ការ​សម្ងាត់​ផ្នែក​កម្ម​សិទិ្ធ​បញ្ញា ​និង​ការសម្ងាត់​ពាណិជ្ជកម្ម។​ ឈ-ការ​ឆ្លើយ​ឆ្លង​ជាឯកជន​របស់​បុគ្គល។​ ៦- ព័ត៌មាន​សម្ងាត់​ដែល​ទាក់​ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​របស់​ស្ថាប័ន​សាធារណៈ​ ដំណើរការ​នៃ​ការ​តែង​តាំង ​និង​ការ​ប្រឡង​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថាប័ន​សាធារណៈ៖ ៧- ព័ត៌មាន​សម្ងាត់​ដទៃទៀត​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តហាម​ឃាត់​។​

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២១

ដើម្បី​ធានាការពារ​អធិបតេយ្យជាតិ​ សន្តិសុខជាតិ​ ដំណើ​រការ​អភិបាល​កិច្ច​ និង​សិទិ្ធ​នៃការរស់​នៅរបស់​បុគ្គល​ម្នាក់ៗ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ស្ថាប័ន​សាធារណៈ​ត្រូវ​អនុញ្ញាត​ឱ្យ​ផ្តល់​ព័ត៌មាន​សម្ងាត់​ជូន​សាធារណជន​ប្រើ​ប្រាស់​ក្រោយ​រយៈពេល​កំណត់​ដូច​ខាង​ក្រោម​៖​

១- រហូត​ដល់​៩០​ (កៅសិប) ថ្ងៃគិត​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​ឯកសារ​ដែល​ទាក់​ទង​នឹង​ការប្រជុំ​ផ្ទៃក្នុង​របស់​ស្ថាប័ន​សាធារណៈ​ ដំណើ​រការ​នៃការ​តែង​តាំង​ និង​ការប្រឡង​ដែល​រៀប​ចំ​ដោយ​ស្ថាប័ន​សាធារណៈ​ដូ​ច​មាន​ចែង​ក្នុង​មាត្រា​២០​ ខាង​លើ​។​

២- រហូត​ដល់​៤០​ (សែ​សិប) ឆ្នាំ ​គិត​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​ឯកសារ​ដែល​ទាក់​ទង​នឹង​វិស័យ​ការពារជាតិ​​សន្តិសុខជាតិ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជាតិ​ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ ខាង​លើ​។

៣- រហូតដល់៥០ (ហាសិប) ឆ្នាំ ឬ​លើស​ពី​នេះ​​ គិត​ចាប់​ពី​កាលបរិច្ឆេទ​នៃ​ឯកសារ​ទាក់​ទង​នឹង​ទំនាក់​ទំនង​ការទូត ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ខាង​លើ​ ​តាមការសម្រេច​របស់​រាជរដ្ឋាភិបាល ​យោង​​​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងទទួល​បន្ទុក​វិស័យ​​​ការបរទេស​។

៤- រហូត​ដល់​៦០​ (ហុក​សិប) ឆ្នាំ ​គិត​ចាប់​ពី​កាល​បរិច្ឆេទ​នៃ​ឯកសារ​ដែល​ទាក់​ទង​នឹងប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ ឬ​ព័ត៌មាន​ដែល​រំលោភលើ​បុគ្គល​ឯកជន ​ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ ខាង​លើ​។

លើក​លែង​តែ​ករណី​ដែល​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឬ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឬ​ការ​រំលោភបំពាន​សិទិ្ធមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ស្ថាប័ន​សាធារណៈ​ត្រូវ​បញ្ចេញ​ព័ត៌មាន​ជូន​សាធារណជន​ឱ្យ​បាន​ឆាប់​រហ័ស​នៅ​ពេល​ដែល​តុលាការ​បាន​បញ្ចប់​ទាំង​ស្រុង​ហើយ​។​

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២២

រាល់​ព័ត៌មាន​សម្ងាត់​ស្ថាប័ន​សាធារណៈ​​ត្រូវ​អនុវត្ត​ដូច​ខាង​ក្រោម៖​

១- ចុះ​បញ្ជី​ព័ត៌មាន​សម្ងាត់​ជាផ្លូវ​ការ​

២- លុប​ព័ត៌មាន​សម្ងាត់​ចេញ​ពី​បញ្ជី​ព័ត៌មាន​សម្ងាត់​ដែល​ផុត​រយៈពេល​កំណត់​

៣- លុប​ព័ត៌មាន​សម្ងាត់​ចេញពី​បញ្ជី​ព័ត៌មាន​សម្ងាត់​ដោយ​មាន​ការ​ស្នើ​សុំ​ ឬយល់​ព្រម​ពី​ម្ចាស់​សិទិ្ធ​។​ យន្ត​ការ​ ​​នីតិវិធី​នៃ​​​ការ​ធ្វើ​ចំណាត់​ថ្នាក់​​ ការ​ចុះ​បញ្ជី​ និង​ការលុប​ចេញ​ពី​បញ្ជី​ព័ត៌មាន​សម្ងាត់​ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ និង​មាត្រា​២១​ នៃច្បាប់​នេះ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។​

មតិយោបល / Comments
ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២៣

ដើម្បីការពារ និងបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់សិទ្ធិក្នុងការទទួលព័ត៌មានរបស់សាធារណជនស្របតាមគោលការណ៍ច្បាប់ ប្រធានស្ថាប័នសាធារណៈ អាចសម្រេចកាត់បន្ថយ ឬពន្យាររយៈពេលកំណត់នៃព័ត៌មានសម្ងាត់នូវផ្នែកណាមួយ ឬទាំងស្រុងដូចមានចែងក្នុងមាត្រា២១ នៃច្បាប់នេះ ដើម្បីអនុញ្ញាតផ្ដល់ជូន សាធារណជនប្រើប្រាស់ ។

ករណីផុតរយៈពេលកំណត់ នៃការការពារឯកសារសម្ងាត់ដូចមានចែងក្នុងមាត្រា២១នៃច្បាប់នេះ ស្ថាប័នសាធារណៈអាចពន្យារពេលការពារឯកសារសម្ងាត់នោះបានតែម្តងគត់ និងមានរយៈពេលមួយភាគ ពីរនៃរយៈពេលកំណត់ដូចមានចែងក្នុងកថាខណ្ឌទី១ ទី២ និងទី៣ មាត្រា២១នៃច្បាប់នេះ ប្រសិនបើ ការបញ្ចេញឯកសារសម្ងាត់នោះនៅតែបង្កឲ្យអន្តរាយដល់សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ និង ផលប្រយោជន៍បុគ្គល ដែលត្រូវបានការពារដោយច្បាប់ ។មតិយោបល / Comments
ជំពូកទី ៥ - កិច្ចការពារអ្នករផ្តល់ព័ត៌មាន - មាត្រា ២៤

បុគ្គល​គ្រប់​រូប​មិនត្រូវ​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ ឬរដ្ឋប្បវេណី​ ឬទណ្ឌកម្ម​ខាង​វិន័យ​​​ណាមួយដែល​

បណ្តាល​មក​​ពី​ការ​ប្តឹង​បរិហាររបស់ខ្លួន​​ដល់​អាជ្ញាធរ​តុលាការ​ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេងទៀត​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈឹម​ ដែល​ខ្លួន​បាន​ដឹង​ និង/ឬ​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​មុខងារ​ ឬ​ភារកិច្ច​ដែល​ខ្លួន​កំពុង​បំពេញ​ ព្រម​ទាំង​ទទួល​បាន​នូវ​កិច្ច​ការពារ​ឱ្យ​រួច​ផុត​ពី​ការ​គំរាម​កំហែង​ និង​ការ​សង​សឹក​ណាមួយ ប្រសិន​បើ​ធ្វើ​ឡើង​ដោយ​ភាព​ស្មោះ​ត្រង់​ស្រប​តាម​នីតិវិធី​​។

ការប្តឹង​បរិហារ មិនត្រូវ​បំផ្លើស​ខុស​ពីការពិត​ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​របស់​បុគ្គល​ និង/ឬ ស្ថាប័ន​សា-ធារណៈ​ឡើយ​។

មតិយោបល / Comments
ជំពូកទី ៥ - កិច្ចការពារអ្នកការផ្តល់ព័ត៌មាន - មាត្រា ២៥

មន្ត្រីទទួល​បន្ទុក​ព័ត៌មាន ​មិនត្រូវ​ទទួល​ខុសត្រូវ​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ ឬរដ្ឋប្បវេណី​ ឬទណ្ឌកម្ម​ខាង​វិន័យ​​​ណាមួយ​ដែល​បណ្តាល​ម​ក​ពី​ការ​សម្រេច​ផ្តល់​ព័ត៌មានជូន​សាធារណជន​ដែល​បាន​អនុវត្ត​ក្នុង​ក្របខណ្ឌសមត្ថកិច្ច និង​មុខងារ​របស់​ខ្លួន​ក្នុង​ឋានៈ​ជាមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​។ គោល​ការណ៍​នេះ​មិនត្រូវ​​យក​មក​អនុវត្ត​ឡើយ ​ក្នុង​ករណីដែល​មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​បំពាន​ក្នុង​ចេតនា​ទុច្ចរិត​លើ​សមត្ថកិច្ច​ និង​មុខងារ​ដែល​ច្បាប់​បាន​ប្រគល់​ឱ្យ​។​

មតិយោបល / Comments
ជំពូកទី ៦ - ការប្តឹងតវ៉ានិងការអនុវត្តសេចក្តីសម្រេច - មាត្រា ២៦

អ្នក​ស្នើសុំ​អាចប្តឹង​តវ៉ា​ទៅ​ប្រធាន​ស្ថាប័ន​ដែល​ខ្លួន​បាន​ស្នើ​សុំ​ព័ត៌មាន ​ប្រសិន​បើ​សំណើ​សុំ​ព័ត៌មាន​នោះ​ពុំ​ត្រូវ​បាន​ផ្តល់​ជូន​តាម​ការ​ស្នើ​សុំ​ដូច​មាន​ចែង​ក្នុង​មាត្រា​១៤​ ឬ​ត្រូវ​បាន​បដិសេធពី​ស្ថាប័ន​សាធារណៈ​ដោយ​ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ឱ្យ​បាន​ច្បាស់​លាស់​ដូច​មាន​ចែង​ក្នុង​មាត្រា​១៥ និង​មាត្រា​១៧​ នៃ​ច្បាប់​នេះ​។​

នៅ​ថ្នាក់​ក្រោម​ជាតិ​ ប្រសិន​បើ​អ្នក​ស្នើ​សុំ​មិន​យល់​ស្រប​នឹង​សេចក្តី​សម្រេច​របស់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ អ្នក​ស្នើ​សុំ​អាច​ប្តឹង​ទៅ​ប្រធាន​ស្ថាប័ន​ ឬ​ទៅ​ការិយាល័យ​ប្រជាពលរដ្ឋ ​ដែល​មាន​នៅ​ក្នុង​មូល​ដ្ឋាន​ដែល​ខ្លួន​ស្នើសុំ​។​

ការប្តឹង​តវ៉ា​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៣០​(សាមសិប) ថ្ងៃនៃ​ថ្ងៃធ្វើការ​​ គិត​ចាប់​ពី​ថ្ងៃ​ដែល​សាមីខ្លួន​បាន​ទទួល ​លិខិត​បដិសេធពី​ស្ថាប័ន​សាធារណៈ។​

ស្ថាប័ន​សាធារណៈ​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ក្នុង​រយៈពេល​១៥​(ដប់ប្រាំ) ថ្ងៃនៃ​ថ្ងៃធ្វើ​ការ ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ពាក្យ​បណ្តឹង​។​ ក្នុង​ករណី​ដែល​អ្នក​ស្នើ​សុំ​មិនយល់​ព្រម​តាម​សេចក្តីសម្រេច​របស់​ប្រធាន​ស្ថាប័ន​សាធារណៈដែល​ខ្លួន​បាន​ប្តឹង​តវ៉ា​ទេ​នោះ​ អ្នក​ស្នើសុំ​អាច​ប្តឹង​បដិសេធសេចក្តីសម្រេច​នេះ​ក្នុង​រយៈពេល​៣០​ (សាមសិប​)​ ថ្ងៃ​នៃ​ថ្ងៃធ្វើ​ការ​ទៅ​សាលាដំបូង​រាជធានី​ ឬ​ខេត្ត គិតចាប់​ពីថ្ងៃទទួល​បាន​សេចក្តីជូន​ដំណឹង​អំពី​សេចក្តីសម្រេចនោះ​​ និង​អាច​ប្តឹង​ជំទាស់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ ឬ​ខេត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។ មតិយោបល / Comments


ជំពូកទី ៦ - ការប្តឹងតវ៉ានិងការអនុវត្តសេចក្តីសម្រេច - មាត្រា ២៧

បើសាលាជម្រះក្ដីជាន់ទាប ឬសាលាជម្រះក្ដីជាន់ខ្ពស់សម្រេចឲ្យស្ថាប័នសាធារណៈផ្តល់ព័ត៌មានតាមការស្នើសុំ នីតិវិធីនៃការផ្ដល់ព័ត៌មានត្រូវអនុវត្តតាមមាត្រា១៣ និងមាត្រា១៤ នៃច្បាប់នេះ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ២៨

មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានដែលពុំបានបំពេញកាតព្វកិច្ចតាមបទបញ្ញត្តិមាត្រា៩ មាត្រា១១ មាត្រា១២ មាត្រា១៣ មាត្រា១៤ មាត្រា១៧ មាត្រា១៨ និងមាត្រា២៣ នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាង វិន័យរដ្ឋបាល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ។ មតិយោបល / Comments


ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ២៩

ក្នុង​ករណី​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​មន្ត្រី​ស្ថាប័ន​សាធារណៈ​ ឬ​មន្ត្រីទទួល​បន្ទុក​ព័ត៌មាន​ដែល​បំពេញ​មុខ​ងារ​ដូច​មាន​ចែង​ក្នុង​​មាត្រា​​១៥ ​នៃ​ច្បាប់​នេះ​ ត្រូវ​ផ្តន្ទាទោស​តាម​បទប្បញ្ញត្តិ​មាត្រា​៥០៦​ (​បទ​ប្រឆាំង​នឹង​ការអនុវត្ត​ការងារ ​សាធារណៈ) នៃក្រម​ព្រហ្មទណ្ឌ​។​

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣០

បុគ្គល​ណា​ដែល​ប្តឹង​បរិហា​រ​ដោយ​បំផ្លើសខុសពីការពិត​ដល់​ស្ថាប័ន​សាធារណៈ​ ឬ​អាជ្ញា​ធរ​តុលាការ​នូវ​អំពើ​ជាបទ​ល្មើស​កាល​បើ​ការ​ប្តឹង​បរិហារ​នេះ​នាំ​ឱ្យ​ធ្វើ​ការ​ស្រាវជ្រាវ​ដោយ​ឥត​ប្រយោជន៍ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១(មួយ​)​ ខែ​​ទៅ​៦​ (ប្រាំមួយ​)​ ខែ​ និង/ឬ ពិន័យ​ជាប្រាក់​ពី​ ១០០.០០០ (មួយ​សែន) រៀល ​ទៅ​ ១.០០០.០០០ (មួយ​លាន) រៀល

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣១

បុគ្គល​ណា​ដែល​មាន​ភារកិច្ច​ផ្តល់​ព័ត៌មាន​ ឬកាន់​កាប់​ព័ត៌មាន​របស់​ស្ថាប័ន​សាធារណៈ​ហើយ​យល់​ព្រម​បង្ហាញ​ព័ត៌មាន​សម្ងាត់​ដល់​បុគ្គល​គ្មាន​សមត្ថកិច្ច​ឱ្យ​ដឹង​ដើម្បី​ទទួល​អំណោយ​ ជំនូន​ ការសន្យា​ ឬ​ផល​ប្រយោជន៍​ណាមួយ​ត្រូវ​ផ្តន្ទាទោស​តាម​បទប្បញ្ញត្តិ​មាត្រា​៣២​ (បទ​ល្មើស​ពុក​រលួយ​)​ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣២

បុគ្គល​ណា​ដែល​មាន​ភារកិច្ច​ផ្តល់​ព័ត៌មាន​ ឬ​កាន់​កាប់​ព័ត៌មាន​សម្ងាត់​ដោយ​មូល​ហេតុ​នៃ​ស្ថាន​ភាព​របស់​ខ្លួន​ មុខរបរ មុខងារ​ ឬ​បេសកកម្ម​របស់​ខ្លួន​ហើយ​បាន​បង្ហាញ​ ឬ​ធ្វើ​ឱ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​ដល់​បុគ្គល​គ្មាន​សមត្ថកិច្ច​ដឹង​ពី​ការសម្ងាត់​របស់​ស្ថាប័ន​សាធារណៈ​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​២​(ពីរ​) ឆ្នាំ​ទៅ​ ៥​ (ប្រាំ) ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​ ៤.០០០.០០០ (បួន​លាន​)​ រៀល​ទៅ​ ១០.០០០.០០០ (ដប់​លាន) រៀល​ និង​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​ដូចមាន​ចែង​ក្នុង​មាត្រា​៤៨៣ (ប្រភេទ​ទោស​បន្ថែម​)​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។​ ក្នុង​ករណី​ការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​ដោយ​អចេតនា​ ឬ​ការ​មិនគោរព​បទ​បញ្ជា​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​ ៦​ (ប្រាំមួយ​​) ខែទៅ​ ២​ (ពីរ​) ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​ ១.០០០.០០០ (មួយ​លាន​)​ រៀល​ទៅ​ ៤.០០០.០០០ (បួន​លាន) រៀល

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣៣

បុគ្គល​ណា​ដែល​មាន​ភារកិច្ច​ផ្តល់​ព័ត៌មាន​ ឬ​កាន់​កាប់​ព័ត៌មាន​ហើយ​បាន​ប្រគល់​ ឬ​ធ្វើ​ឱ្យ​ងាយ​ស្រួល​ធ្លាក់​ដល់​ដៃ​រដ្ឋបរទេស​ ឬ​ភ្នាក់​ងារ​បរទេស​នូវ​ព័ត៌មាន​សម្ងាត់​ដែល​ធ្វើ​ឱ្យ​អន្តរាយ​សន្តិសុខ​ជាតិ​ សេដ្ឋកិច្ច​ជាតិ​​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ​) ឆ្នាំ​ទៅ​ ១៥​ (ដប់ប្រាំ) ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​ ១០.០០០.០០០ (ដប់​លាន​)​ រៀល​ទៅ​ ២០.០០០.០០០ (ម្ភៃ​លាន) រៀល និង​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​ដូច​មាន​ចែង​ក្នុង​មាត្រា៤៥០​ (​ប្រភេទ​ទោស​បន្ថែម​)​ នៃក្រម​ព្រហ្ម​ទណ្ឌ។

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣៤

បុគ្គល​ណា​ដែលគ្មានសមត្ថកិច្ច​​កាន់​កាប់​ព័ត៌មាន​ ឬបុគ្គល​ដែល​ធ្លាប់​បំពេញភារកិច្ច​កាន់​កាប់​ព័ត៌មាន​របស់​ស្ថាប័ន​សាធារណៈហើយ​បានរក្សាទុក​ ឬ​កាន់​កាប់​ព័ត៌មាន​សម្ងាត់​ឯកជន​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ​) ឆ្នាំ ​ទៅ​ ៥​ (ប្រាំ) ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​ ៤.០០០.០០០ (បួន​លាន​)​ រៀល​ទៅ​ ១០.០០០.០០០ (ដប់​លាន) រៀល។

មតិយោបល / Comments
ជំពូកទី ៧ - ទោសប្បញ្ញត្តិ​ - មាត្រា ៣៥

បុគ្គល​ណា​ដែលមាន​ភារកិច្ច​​កាន់​កាប់​ព័ត៌មានសាធារណៈហើយ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ ឬ​បំផ្លិច​បំផ្លាញ​ព័ត៌មាន​​ត្រូវ​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ពី​ ២​ (ពីរ​) ឆ្នាំ​ទៅ​ ៥​ (ប្រាំ) ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី​ ៤.០០០.០០០ (បួន​លាន​)​ រៀល​ទៅ​ ១០.០០០.០០០ (ដប់​លាន) រៀល និង​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​ដូច​មាន​ចែង​ក្នុង​មាត្រា​៤៨៣​ (ប្រភេទ​ទោស​បន្ថែម​)​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ មតិយោបល / Comments


ជំពូកទី៨ - អន្តរបញ្ញត្តិ - មាត្រា ៣៦

ច្បាប់​ស្តីពី​របបសារព័ត៌មាន​ដែល​ប្រកាស​ឱ្យ​ប្រើ​តាមព្រះរាជក្រម​លេខ​ នស/រកម/០៨៩៥/០៧​ ចុះ​ថ្ងៃទី​១​ ខែកញ្ញា​ ឆ្នាំ​១៩៩៥​ និង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ពាក់​ព័ន្ធ​ផ្សេងទៀត ​ព្រម​ទាំង​បទដ្ឋាន​គតិយុត្ត​ទាំង​ឡាយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​ ច្បាប់​នេះ​មាន​សុពល​ភាពអនុវត្ត​រហូត​ដល់​មាន​បទប្បញ្ញត្តិ​ថ្មី​មក​ជំនួស​។​

មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ រដ្ឋបាលរាជធានី​ខេត្ត​ ដែល​បាន​បង្កើតឡើង​ដោយ​ប្រកាសអន្តរក្រសួង​រវាង​ក្រសួង​មហាផ្ទៃ​ ជាមួយ​នឹង​ក្រសួង​ព័ត៌មាន ​តាម​ប្រកាសលេខ​៣៥២៧​ប្រក-៤៤៣ ពម.ប្រក ចុះ​ថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១២ ត្រូវ​បន្ត​អនុវត្ត​រហូត​ដល់​មានអង្គភាព​ព័ត៌មាន​ថ្មី​មក​ជំនួស​ស្រប​តាម​ស្មារតី​នៃ​ច្បាប់​នេះ។​

មតិយោបល / Comments
ជំពូកទី៩ - អវសានប្បញ្ញត្តិ- មាត្រា ៣៧

ច្បាប់​នេះ​មាន​អាទិភាព ​ប្រសិន​បើ​មាន​បទប្ប​ញ្ញត្តិ​នៃ​ច្បាប់​ផ្សេងទៀត​មិន​ស្រប​នឹង​បទប្បញ្ញត្តិ​ទាំង​ឡាយ​នៃ​ច្បាប់​នេះ​។

មតិយោបល / Comments
ជំពូកទី៩ - អវសានប្បញ្ញត្តិ - មាត្រា ៣៨

បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ​ត្រូវ​ចាត់ទុក​ជានិរាករណ៍។

មតិយោបល / Comments

ដៃគូសហកប្រតិបត្តិការណ៍

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាស័យដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514