ការស្នើសុំព័ត៌មានត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដោយបញ្ជាក់លម្អិតឱ្យបានច្បាស់លាស់អំពីព័ត៌មាន និងទម្រង់ព័ត៌មានដែលត្រូវស្នើសុំទៅស្ថាប័នសាធារណៈ។
នីតិវិធី និងទម្រង់បែបបទនៃការស្នើសុំព័ត៌មានត្រូវបានកំណត់ដូចតទៅ៖
១- ទម្រង់បែបបទស្នើសុំព័ត៌មាន៖
ក- ឈ្មោះ ភេទ អាយុ សញ្ជាតិ មុខរបរ
ខ- អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន និង/ឬ អាសយដ្ឋានអេឡិចត្រូនិក (ប្រសិនបើមាន)
គ- បញ្ជីឈ្មោះព័ត៌មានលម្អិតដែលត្រូវស្នើសុំ។
២- អ្នកស្នើសុំដែលគ្មានលទ្ធភាពបំពេញទម្រង់បែបបទខ្លួនឯង ដោយសារអនក្ខរភាព ឬពិការភាព សាមីខ្លួនអាចធ្វើការស្នើសុំព័ត៌មានដោយផ្ទាល់មាត់។ មន្ត្រីទទួលបន្ទុកព័ត៌មានដែលបានទទួលសំណើសុំហើយ ត្រូវជួយបំពេញបែបបទព័ត៌មានជាលាយលក្ខណ៍អក្សរឱ្យបានត្រឹមត្រូវតាមការស្នើសុំដោយឥតគិតថ្លៃ ហើយត្រូវដាក់ឈ្មោះមន្ត្រីដែលបានបំពេញភារកិច្ចនេះនៅក្នុងសេចក្តីថតចម្លង និងបង្កាន់ដៃរបស់អ្នកស្នើសុំ។
៣- អ្នកស្នើសុំអាចប្រគល់សំណើសុំព័ត៌មានជាលាយលក្ខណ៍អក្សរដោយផ្ទាល់ដៃ ឬតាមរយៈតំណាងស្របច្បាប់ទៅមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មាន ឬអាចផ្ញើតាមរយៈប្រៃសណីយ៍ ឬសារអេឡិចត្រូនិកទៅកាន់ស្ថាប័នសាធារណៈដែលកាន់កាប់ព័ត៌មាននោះ។
៤- មន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានដែលបានទទួលការស្នើសុំព័ត៌មានត្រូវចុះបញ្ជី និងចេញនូវបង្កាន់ដៃបញ្ជាក់ឱ្យអ្នកដែលបានស្នើសុំនោះ។
៥- អ្នកស្នើសុំត្រូវទទួលយកបង្កាន់ដៃសំអាងពីមន្ត្រីស្ថាប័នសាធារណៈ ឬមន្ត្រីទទួលបន្ទុកព័ត៌មានបន្ទាប់ ពីបានប្រគល់សំណើរួច។ ចំពោះអ្នកស្នើសុំតាមរយៈប្រៃសណីយ៍ ឬសារអេឡិចត្រូនិក បង្កាន់ដៃសំអាងត្រូវផ្តល់ជូនតាមប្រភេទមធ្យោបាយដែលស្នើសុំ។
៦- មន្ត្រីស្ថាប័នសាធារណៈដែលទទួលបានសំណើសុំព័ត៌មានហើយត្រូវបញ្ជូនសំណើនោះទៅកាន់មន្ត្រីទទួលបន្ទុកព័ត៌មានក្នុងរយៈពេលមួយថ្ងៃ (ម្ភៃបួនម៉ោង) នៃថ្ងៃធ្វើការ។
៧- ប្រសិនបើសំណើសុំព័ត៌មានមិនចំស្ថាប័នមានសមត្ថកិច្ចកាន់កាប់ព័ត៌មាន មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវបញ្ជូនសំណើនោះត្រឡប់ទៅអ្នកស្នើសុំវិញឱ្យបានឆាប់បំផុត និងត្រូវផ្តល់ព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីស្ថាប័នដែលកំពុងកាន់កាប់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងសំណើនោះ។