សេចក្តីព្រាងច្បាប់សេចក្តីពីសិទ្ធិទទួលព័ត៌មាន

ជំពូកទី ៤ - ព័ត៌មានសម្ងាត់ - មាត្រា ២០

ស្ថាប័ន​សាធារណៈ​អាច​បដិសេធផ្តល់​ព័ត៌មាន​ជូន​សាធារណជន​ ប្រសិនបើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្តាល​ឱ្យ​អន្តរាយ និង​ប៉ះ​ពាល់​ដល់​វិស័យ​សាធារណៈ និង​ឯកជន​ដូច​ខាង​ក្រោម​នេះ៖ ​​

១- ព័ត៌មាន​បណ្តាលឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ​ និង​សន្តិសុខជាតិ​៖

ក- ផែន​ការ​យុទ្ធសាស្ត្រជាតិ​ដែល​ទាក់​ទង​នឹង​​វិស័យ​ការពារជាតិ​ និង​សន្តិសុខជាតិ​ ផែន​ការទប់​ទល់​ការ​ឈ្លាន​ពាន​ទឹក​ដី​ពី​រដ្ឋ​បរទេស​ ការ​នាំចូល​ ការ​ផលិត​ ការរក្សាទុក​ និង​ការប្រើ​ប្រាស់​គ្រឿង​សព្វាវុធគ្រប់​ប្រភេទ។​

ខ- ទាក់​ទង​នឹង​យុទ្ធសាស្ត្រ​ការស៊ើប​ការណ៍​ ប្រតិបត្តិការ យុទ្ធវិធី​ ក្បួន​ប្រយុទ្ធដែល​ពាក់​ព័ន្ធនឹង​ការការពារជាតិ​។

គ- តួលេខ​ យុទ្ធសាស្ត្ររៀប​ចំ​ពង្រាយ​កម្លាំង ​និង​សមត្ថភាព​ការពារជាតិ ​និង​ការ​ប្រព្រឹត្តទៅ​នៃ​ប្រព័ន្ធ​ការពារជាតិ​​​ គម្រោង​ការអភិវឌ្ឍយុទ្ធោបករណ៍ និង​យោធបរិក្ខារវិស័យ​ការពារជាតិ​។

ឃ- រូប​ភាព ​ទិន្នន័យ ​និង​ផែន​ទី​ដែល​ទាក់​ទង​នឹង​មូលដ្ឋាន​យោធា​ និង/ឬ​ ស្ថានភាព​លក្ខណៈទីតាំង​​យុទ្ធសាស្រ្តយោធា ទីតាំង​មូល​ដ្ឋាន​រក្សាទុក​ ឬទី​តាំង​ផលិត​អាវុធយុទ្ធភ័ណ្ឌ សំណង់​អគារ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​យោធា​។

ង- ទិន្នន័យ​សម្ងាត់​យោធា​ ឬ​ព័ត៌មាន​អំពីសមត្ថភាព​ការពារជាតិ​របស់​រដ្ឋ​បរទេស​ដែល​បង្ហាញ​ថា​រដ្ឋបរទេស​នោះ​អាចបង្ក​គ្រោះ​ថ្នាក់​ដល់​អធិបតេយ្យ​ភាព​នៃព្រះ​រាជាណាចក្រកម្ពុជា។​

ច- ទិន្នន័យ​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​កិច្ច​ព្រម​ព្រៀង​ សហប្រតិបត្តិ​ការ​យោធាជាមួយ​នឹង​រដ្ឋបរទេស​​ដែល​បាន​ព្រម​ព្រៀង​គ្នា​ថា​ជា​ការ​សម្ងាត់​រដ្ឋ​។​

ឆ- ប្រព័ន្ធ​កូដសម្ងាត់​រដ្ឋ​ និង​/ឬ ប្រព័ន្ធ​ស៊ើប​ការណ៍​សម្ងាត់​រដ្ឋ​។

២- ​ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស​ ឬ​អន្តរជាតិ​៖

ក- ជំហរ​ សមត្ថភាព​ចរចា និង​ផែន​ការ​យុទ្ធសាស្ត្រ​សម្ងាត់​ដែល​រដ្ឋ​នឹង​យក​ទៅ​ចរចា ឬ​ទទួល​យក​លទ្ធផល ​នៃ​កា​រ​ចរចាជាមួយ​រដ្ឋ​បរទេស​​ ឬ​អន្តរជាតិ​។

ខ- ការទំនាក់​ទំនង​ ឬ​ការឆ្លើយ​ឆ្លង​ជាការ​សម្ងាត់​ខាង​ការទូត​ជាមួយ​រដ្ឋ​បរទេស​ ឬ​អន្តរជាតិ​។​

គ- រាល់​ប្រព័ន្ធ​គមនាគមន៍​ដាក់​កូដ​សម្ងាត់​សម្រាប់​ប្រើ​ប្រាស់​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​រដ្ឋបរទេស​ ឬ​អន្តរជាតិ​។​

ឃ-ការការពារ​សន្តិសុខ ​ ទី​តាំង​កងកម្លាំង​រក្សាសន្តិសុខ​ និងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រនៅ​បរទេស ​របស់​ព្រះ​រាជាណាចក្រកម្ពុជា ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិ​ការ​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជាជាតិ​។​

៣- ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុជាតិ៖​

ក- គម្រោង​ផែន​ការ​ដាក់​លក់​ ឬ​ទិញ​រូបិយប័ណ្ណបរទេស​ ឬរូបិយវត្ថុ​ជាតិ​ ភាគ​ហ៊ុន និង​ទ្រព្យ​សម្បត្តិ​ជាសារវន្ត​របស់​រដ្ឋ។

ខ-​ គម្រោង​ផែន​ការ​កែសម្រួល​អត្រា​ប្តូរ​រូបិយប័ណ្ណ​បរទេស​ កម្ចី​រដ្ឋាភិបាល​ កំណែទម្រង់ពន្ធ​ អត្រា​ពន្ធ​ ឬ​ចំណូល​របស់​រដ្ឋ។​

គ- គម្រោង​ផែន​ការ​ទិញ-លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ឬ​គម្រោង​ផែន​ការ​វិនិយោគ​បរទេស​។

ឃ- ​ការ​សម្ងាត់​វិជ្ជាជីវៈធនាគារ​ និង​ហិរញ្ញវត្ថុ​។

ង- ទិន្នន័យ​សម្ងាត់​ ឬ​ព័ត៌មាន​សម្ងាត់​ដែល​ធ្វើ​ឱ្យ​រដ្ឋបាត់​បង់​ផល​ប្រយោជន៍សេដ្ឋកិច្ច។

៤- ព័ត៌មាន​ដែល​ការបញ្ចេញ​នេះ​បណ្តាល​ឱ្យ​រាំងស្ទះ​ដល់​ដំណើរការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ការអនុវត្ត​ច្បាប់ ​និង​ការសម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត​៖

ក- រាំង​ស្ទះ​ដល់​ដំណើរការស៊ើប​អង្កេត​របស់​មន្ត្រី​មាន​សមត្ថកិច្ច​លើ​ករណី​បទល្មើសព្រហ្ម​ទណ្ឌ​។​

ខ-បង្ហាញ​អត្តសញ្ញាណ​របស់​អ្នក​រាយ​ការណ៍​ សាក្សី និង​/ឬ ជន​រងគ្រោះ​ដែល​ស្ថិត​ក្នុង​វិធានការការពារ​​ដែល​បាន​ដឹង​ពី​សកម្មភាព​នៃ​ការ​ប្រព្រឹត្តបទល្មើស​។

គ- ខូ​ចខាត​ដល់​ឧបករណ៍ សម្ភារ បរិក្ខា​រ​ និង/ឬ ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​អនុវត្ត​ច្បាប់​។​

ឃ- បង្កគ្រោះ​ថ្នាក់​ដល់​សុវត្ថិភាព​ និង​/ឬ​ អាយុជីវិត​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ ឬ​សមាជិក​ក្រុម​គ្រួសាររបស់​ពួក​គេ​។

ង- ​រាំង​ស្ទះដល់​ការ​ស៊ើប​អង្កេត​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​នៃ​ការ​ប្រព្រឹត្ត បទ​​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​​។

៥- ព័ត៌មាន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​៖​

ក- ព័ត៌មាន​អំពី​ប្រវត្តិ​ស្ថានភាព​ខាងវេជ្ជសាស្ត្រ ​និង​វិធី​សាស្ត្រព្យាបាល​សុខភាព​ផ្លូ​វកាយ​ និង​ផ្លូវ​ចិត្តរបស់​បុគ្គល​ឯកជន​។​

ខ- ព័ត៌មាន​ដែល​បង្ហាញ​ពីការវាយ​តម្លៃ​ផ្នែក​កាយ​សម្បទា បញ្ញា កំណត់​ត្រា​អប់​រំ​ផ្លូវ​ចិត្ត​របស់​បុគ្គល​ឯកជន។

គ- ព័ត៌មាន​ដែល​ទាក់​ទង​នឹង​សន្តតិកម្ម​មាន​បណ្តាំ​ ឬ​សន្តតិកម្ម​តាម​ច្បាប់​។

ឃ-ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ ឬ​ឈ្មោះ​របស់​ភាគី​ណាមួយ​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​ពាក់​ព័ន្ធ​នឹង​បិតុភាព​/មាតុភាព​ អាពាហ៍​ពិពាហ៍​ ការលែង​លះ​ ឬ​សិទិ្ធ​គ្រប់​គ្រង​កូន​។​

ង-​ ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្តសញ្ញាណ​អនីតិជន​ក្នុង​រឿង​ក្តី​រដ្ឋប្បវេណី​ ឬ​គ្រោះ​ថ្នាក់​ជាយថាហេតុ​​និង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ផ្សេងទៀត​។​ ច- ព័ត៌មាន​ដែល​បង្ហាញ​ឱ្យ​ស្គាល់​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ក្នុង​រឿង​ក្តី​រំលោភសេពសន្ថវៈ។ ឆ-​ ព័ត៌មាន​ដែល​បង្ហាញពី​ស្ថានភាព​ហិរញ្ញវត្ថុ​ទ្រព្យ​សម្បត្តិ​ ប្រាក់​ចំណូល​ និង​គណនី​ធនាគារ​របស់​បុគ្គល ​ឯកជន​ លើកលែង​តែ​មាន​បទប្បញ្ញត្តិ​ចែង​ផ្សេងពី​នេះ​។​ ជ- ព័ត៌មាន​ដែល​បង្ហាញ​អំពី​ការ​សម្ងាត់​ផ្នែក​កម្ម​សិទិ្ធ​បញ្ញា ​និង​ការសម្ងាត់​ពាណិជ្ជកម្ម។​ ឈ-ការ​ឆ្លើយ​ឆ្លង​ជាឯកជន​របស់​បុគ្គល។​ ៦- ព័ត៌មាន​សម្ងាត់​ដែល​ទាក់​ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​របស់​ស្ថាប័ន​សាធារណៈ​ ដំណើរការ​នៃ​ការ​តែង​តាំង ​និង​ការ​ប្រឡង​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថាប័ន​សាធារណៈ៖ ៧- ព័ត៌មាន​សម្ងាត់​ដទៃទៀត​ដែល​ស្ថិត​ក្នុង​បទប្បញ្ញត្តហាម​ឃាត់​។​ដៃគូសហប្រតិបត្តិការ

© Access to Information (Ministry of Information, Phnom Penh, Cambodia)

អាសយដ្ឋាន: លេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ (+855)23 430 514 ទូរសារលេខ (+855)23 430 514